លោកស្រី ថាក់ ឡានី បាន​វិល​ត្រលប់​មកដល់​កម្ពុជា​វិញក្រោយការលើកលែងទោស​

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ លោកស្រី ថាក់ ឡា​នី អតីតសមាជិកព្រឹទ្ធសភាអតីតបក្សសង្គ្រោះជាតិដែល​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដង្ហែ​តាម​មេ​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​បុគ្គល សម រង្ស៊ី គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា​ នៅពេលនេះបាន​វិល​ត្រលប់​មកដល់​មាតុប្រទេស​វិញ នៅ​វេលា​ម៉ោងជាង​១២ នៅ​ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ២០២១នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​។ការវិលត្រឡប់នេះគឺដោយសារមានការលើកលែងទោសកំឡុងខែមីនា កន្លងមករួចហើយ។

លោកស្រី ថាក់ ឡា​នី បានប្រាប់អ្នកកាសែតដោយ​ក្តីរំភើប​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដែលមានឱកាសវិល​ត្រលប់​មកកាន់​មាតុភូមិ​វិញ ក្រោម​ការ​សណ្ដោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

លោកស្រី ​បញ្ជាក់ថា ចាប់តាំងពី​លោកស្រី​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ស្នាក់នៅ​ប្រទេស​ស៊ុយអែត​តាម​អតីត​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង ​ លោកស្រី​ បានរស់នៅ​ម្នាក់ឯង កណ្ដោចកណ្ដែង ដូច​ចក​នៅ​កណ្ដាល​លំហ​សមុទ្រ គ្មាន​កោះ​គ្មាន​ត្រើយ​ ហើយ​អតីត​មេដឹកនាំ នៃ​អតីត​បក្សប្រឆាំង​ មិន​ដែល​មក​សួរសុខទុក្ខ​លោកស្រី​ម្ដងណា​ឡើយ​។ នៅពេល​លោកស្រី​មានទុក្ខ​ព្រួយ លោកស្រី​តែង​នឹកឃើញ​មេដឹកនាំ ដែល​លោកស្រី​ជឿទុកចិត្ត​តែ​ម្នាក់​គត់ ដែល​អាច​ជួយ​សង្គ្រោះ​លោកស្រី​បាន គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន​។

លោកស្រីនិង​ស្វា​ម៉ីគោរព​ថ្លែងអំណរគុណ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ដែល​តែង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​ស្រទាប់វណ្ណៈ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។

គួរ​បញ្ជាក់ថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​ប្រមុខរដ្ឋស្ដីទី​ចេញ​ព្រះរាជក្រឹត្យ ​លើកលែងទោស កាលពី​ថ្ងៃទី​៣​ ខែមីនា ឆ្នាំ​២០២១​ តាម​ការ​ស្នើសុំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print