សារលិខិត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ, សារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ផ្ញើជូន កងកម្លាំងនគរបាលជាតិក្នុងទិវារំឮកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលជាទិវាដ៏មហានក្ខត្តឫក្សរំឭកការចងចាំនូវស្នាព្រះហត្ថព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គទ្រង់បានបង្កើតនូវអង្គប្រតិបត្តិច្បាប់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម។

លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ជាទីស្នេហា !
ចាប់តាំងពីថ្ងៃចាប់បដិសន្ធិរហូតមកដល់បច្ចុប្បន្ន លើកលែងតែរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ អង្គប្រតិបត្តិច្បាប់មួយនេះបានជំនះរាល់ឧបសគ្គនានា ធ្វើដំណើរឆ្លងកាត់និន្នាការប្រែប្រួលនៃរបបគ្រប់គ្រង សង្គមជាច្រើនដំណាក់កាល បង្កើតបាននូវស្នាដៃជាប្រវត្តិសាស្ត្រ ប្រកបដោយគុណប្រយោជន៍យ៉ាងធំធេង
សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវមនោសញ្ចេតនារំភើប រីករាយ ចូលរួមអបអរសាទរដោយទឹកចិត្តស្មោះស និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិ រួមទាំងក្រុមគ្រួសារ សូមមាន សុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។ ទន្ទឹមនេះក៏សូមជូនពរ ដល់មន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយ មានសុខភាពល្អប្រក្រតីឡើងវិញ ដើម្បីវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងឆាប់បានមកបំពេញ ការងារនៅតាមអង្គភាព នាពេលឆាប់ៗខាងមុខនេះ។
លោក លោកស្រី ជាទីមេត្រី !
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ការពារបាននូវខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមជាមួយការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលដ៏ធំធេងទាំងនេះ ពុំអាចកាត់ផ្តាច់ចេញពីការ តស៊ូលះបង់របស់កងកម្លាំងនគរបាលជាតិ ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ។
រយៈពេលពេញ ១ឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិបានប្រកៀកស្មាជាមួយកងយោធពល ខេមរភូមិន្ទ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ព្រមទាំងបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ ស្របពេលដែលប្រតិបត្តិការបង្ក្រាបបទល្មើសដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រសង្គម ដូចជា លួច ឆក់ ប្លន់ រំលោភ និងការប្រើប្រាស់អាវុធខុសច្បាប់ ទទួលបានលទ្ធផលខ្ពស់គួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អំពើ ជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការបម្រើសេវាចាំបាច់នានាសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ល។ ត្រូវបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព។ កងកម្លាំង នគរបាលជាតិបានក្លាយជាចលករប្រកបដោយថាមពល ជំរុញការអនុវត្តគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលជាគោលនយោបាយជាតិសម្រាប់គាំទ្រ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសហគមន៍ទូទាំងប្រទេស។ បន្ថែមលើនេះទៀត កងកម្លាំងនគរបាលជាតិបានរួមចំណែក យ៉ាងសស្រាក់សម្រាំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រកបដោយទឹកចិត្តជ្រះថ្លា ស្នេហាប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងការឆ្លងរាត ត្បាតជំងឺកូវីដ-១៩ កងកម្លាំងនគរបាលជាតិបានចូលរួមអនុវត្តយុទ្ធនាការទប់ស្កាត់ ប្រកបដោយឆន្ទៈមុត ស្រួច និងមានស្មារតីអង់អាចក្លាហានគួរឲ្យកោតសរសើរ។
សូមអាននូវខ្លឹមសារ សារលិខិត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ទាំងស្រុងដូចខាងក្រោម ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print