ខេត្តស្វាយរៀង៖ យោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា និងសេចក្តី អំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនសប្បុរសជនទាំងក្នុង និងក្រៅខេត្ត នាថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបានទទួលមូលនិធីពីសប្បុរសជន តាមរយៈលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមមានអង្ករ ៦,១២៥ គ.ក្រ ថវិកា ២០,០០០ ដុល្លារ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាស អបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខាក៍ដោយ ។
នៅក្នុងពិធីប្រគល់នេះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា ស្បៀង និងសម្ភារ ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។
ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់ អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ។
លោកស្រីបានបន្តទៀតថាទោះបីឆ្នាំនេះ សាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់ បានធ្វើកន្លងមកក្តី ក៍សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តទទួលថវិកា ស្បៀង និងសម្ភារ ពីសំណាក់សប្បុរសជន និងស្វាគមន៍ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញតាមរយៈលោកជំទាវផ្ទាល់ ព្រមទាំងលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្ត លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។
មូលនិធិ និងស្បៀង ដែលបានផ្តល់ដល់សាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៍ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តី ត្រូវការចំពោះជនរងគ្រោះ និង ងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលា ៕
ដោយ៖ យឹម សុថាន