ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមដាំកូនក្ងោកចំរុះពណ៌ចំនួន១០០ ដើម្បីលម្អបរិស្ថានសាលារៀន តាមដងផ្លូវនានាឱ្យក្លាយទៅជារុក្ខវិថីទៅថ្ងៃអនាគត។
ការដាំកូនក្ងោកចំរុះពណ៌នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ ដោយមានការចូលរួមពីលោក កើតសារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង និងសហការី
លោកយស់ពៅ នាយកវិទ្យាល័យ
គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូវិទ្យាល័យស្វាយរៀង ជាច្រើននាក់ផងដែរ។
លោកយស់ពៅ នាយកវិទ្យាល័យស្វាយរៀង បានអោយដឹងថាកូនក្ងោកចំរុះពណ៌ចំនួន១០០នេះ ត្រូវបានមន្ទីបរិស្ថានខេត្តផ្តល់ជូនវិទ្យាល័យស្វាយរៀង យកទៅដាំក្នុងបរិវេណសាលាដើម្បីផ្តល់ជាម្លប់ដល់វិទ្យាល័យផង លើកសម្រស់សោភណភាពឲ្យស្រស់បំព្រងផង និងដើម្បីថែរក្សាឲ្យបានគង់វង្សទៅថ្ងៃអនាគតផង។
លោកយស់ពៅ បញ្ជាក់ថា «ព្រៃឈើដើរតួនាទីសំខាន់ខ្លាំងណាស់ចំពោះមនុស្ស សត្វ ព្រោះព្រៃឈើផ្តល់ជម្រក ចំណីអាហារដល់មនុស្សសត្វ កាត់បន្ថយកម្តៅ កាត់បន្ថយការបំពុលបរិស្ថាន ការពារទឹកជំនន់ជាដើម។
ដូច្នេះ ព្រៃឈើពិតជាមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយជីវិតមនុស្សសត្វមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ព្រៃឈើគឺជាអាយុជីវិតរបស់មនុស្សសត្វ
ព្រៃឈើអាចរស់នៅបានដោយគ្មានមនុស្សសត្វ ប៉ុន្តែមនុស្សសត្វមិនអាចរស់នៅបានដោយគ្មានព្រៃឈើបានទេ»។
លោក នាយកវិទ្យាល័យបានបន្ថែមថារូបលោក ចង់ឃើញវិទ្យាល័យមួយនេះទៅថ្ងៃអនាគត ផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជនទូទៅ។
ម្យ៉ាងទៀត ការដាំកូនឈើនៅពេលនេះទុកជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយឲ្យចេះស្រលាញ់និងចេះថែរក្សាព្រៃឈើ។
លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរងខេត្តស្វាយរៀងនិងលោកប្រធានមន្ទីបរិស្ថានខេត្តដែលបានផ្ដល់ កូនក្ងោកចំរុះពណ៌ចំនួន១០០ដល់វិទ្យាល័យស្វាយរៀង
និងបានអញ្ជើញចូលរួមដាំនាពេលនេះផងដែរ។
លោកយស់ពៅ ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានសម្តែងនូវការសប្បាយរីករាយ និងធ្វើការប្តេជ្ញាចិត្តថានឹងចូលរួមដាំកូនឈើឲ្យបានច្រើនមិនថានៅក្នុងសាលាឬក្រៅសាលាទេ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះរាំងស្ងួត ការកើនឡើងកម្តៅ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូលហើយ ការដាំកូនឈើនេះពិតជាបានចូលរួមចំណែកជួយឲ្យមានលំនឹងរវាងបរិយាកាសជាមួយបរិស្ថាន៕
ដោយ៖ យឹម សុថាន