ខេត្តបន្ទាយមានជ័យ ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឃាត់ខ្លួនមេខ្យល់ចំនួន០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់
ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខណ:ដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន១០នាក់ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា លោកទទួលបញ្ជាពីលោកមេបញ្ជាការ
ដឹកនាំកម្លាំងល្បាតតាមព្រំដែនជាប់ជាប្រចាំដោយល្បាត២៤ម៉ោងលើ២៤ម៉ោង និងប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែត និងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។
ជាក់ស្តែង វេលាម៉ោង១២និង៣០នាទី យប់ ថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងរបស់លោកដើរល្បាតក៏ជួបមេខ្យល់ចំនួន០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ឃាត់ខ្លួនបានទាំង២នាក់និងពលករ១០នាក់ក្នុងនោះមានស្រីចំនួន០៥នាក់ផង។
លោកបានបន្ថែមថា មេខ្យល់ដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ វណ្ណ: វណ្ណ ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ តាគ្រី ឃុំគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងទី២ ឈ្មោះ អៀន ហ៊េន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ជ្រៃ ឃុំ បឹងបេង ស្រុកម៉ាឡៃ៊
បច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។
ចំណែកឯពលករទាំង ១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ នៅថ្ងៃនេះផងដែរ៕