ភ្នំពេញ៖ បើតាមមន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះថា ពាក់ព័ន្ធករណីរឿងរ៉ាវឧកញ៉ា ហេង សៀ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ក្រោយបែកធ្លាយរឿងជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។
គួរជម្រាបថា បុគ្គលដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសនេះ គឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។
ជាមួយគ្នានេះ មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា៕ដោយ៖ស តារា