ភ្នំពេញ : បន្ទាប់ពីការស៊ើបអង្កេតតាមជំនាញលើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅវៀតណាម ដែលសមត្ថកិច្ចជំនាញបានសហការគ្នាបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩:០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ដោយមានការដឹកនាំសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងបានឆែកឆេរលំនៅឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន២នាក់ជាមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀន គឺ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន។ ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖
១-សារធាតុញៀនប្រភេទអុិចស្តាស៊ី(MDMA) ទម្ងន់ 52 kgs 768.50g
២-ហេរ៉ូអុីន ចំនួន49ដុំ ស្មើទម្ងន់ 17 kgs292.59g
៣-មេតំហ្វេតាមីន(ICE) 11.79 g
សរុបចាប់យកវត្ថុតាងគ្រឿងញៀនបានចំនួន70 kgs 072.88 g។
គួរបញ្ជាក់ថា ជនល្មើសទាំង២នាក់បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជំងឺកូវីដមានលទ្ធផលអវិជ្ជមាន ហើយកម្លាំងក៏បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធដែល កំពុងរត់គេចខ្លួន ហើយនឹងបើកការស៊ើបអង្កេតចំពោះបទល្មើសសម្អាតប្រាក់ផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ស សម