ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងស្នាក់នៅតាមបន្ទប់ជួលចំនួន២១៨គ្រួសារបានទទួលអំណោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងអំណោយរបស់សប្បុរសជន ក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោករស់ សុភក្តិ អភិបាលរងខណ្ឌ ។
សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោនិងអំណោយរបស់សប្បុរសជនចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងសង្កាត់២ ផ្សេងគ្នារួមមានសង្កាត់និរោធក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នករស់នៅតាមបន្ទប់ជួលចំនួន៩៨គ្រួសារ ។ ចំណែកសង្កាត់ច្បារអំពៅទី១ ក្រោមវត្តមានលោករស់ សុភ័ក្ត អភិបាលរងខណ្ឌ បាននាំយកអំណោយរបស់សប្បុរសជនមានឈ្មោះលោក សុខ ពៅ និង លោកស្រី ឃុន លី ចែកជូនប្រជាពលរដ្ឋចំនួន១២០ គ្រួសារមកពី៣ភូមិ រួមមាន ភូមិដើមអំពិល ភូមិព្រែក និងភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ក្នុងពិធីនេះដែរក្រុមការងារបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់មកប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញ់ថា មកដល់ពេលនេះប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បន្ទប់ជួលនិងកំពុងធ្វើចក្តាឡីស័កត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងរស់នៅតាមបន្ទប់ជួលក្នុងភូមិបឹងឈូក សង្កាត់និរោធ ចំនួន៩៨គ្រួសារ ក្នុង១គ្រួសារៗទទួលបានអំណោយសម្តេចតេជោ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរ ។ សំរាប់អំណោយរបស់សប្បុរសជនដែលជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងរស់នៅតាមបន្ទប់ជួល ចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ច្បារអំពៅទី១ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរស្កសរ អំបិល ប៊ីចេង ខ្ទឹមសរ និងប្រេងឆា ៕
ដោយ៖ សណ្តោស