កម្ពុជា និងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ៖ ឱកាស និងការត្រៀមលក្ខណៈ​ក្នុងដំណើរការកសាងសហគមន៍​នយោបាយ-សន្តិសុខអាស៊ាន

ចែករំលែក៖

ភ្នំពេញ ÷ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងពិធីប្រារព្ធខួបលើកទី៤៥ របស់អាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២

កម្ពុជាជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលនាំកម្ពុជាចូលអាស៊ាន បានលើកឡើងនូវកត្តាចម្បងបួន ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៖ (១).កត្តាមិនជ្រៀតកិច្ចការផ្ទៃក្នុងផងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានក្លាយជារបាំងដ៏សំខាន់ សម្រាប់ការពារអធិបតេយ្យ នៃរដ្ឋជាសមាជិក, (២).កត្តាស្មារតីសហគមន៍ គឺរបៀបនៃការធ្វើសេចក្តីសម្រេច ចិត្តរបស់អាស៊ាន គឺផ្អែកលើគោលការណ៍កុងសង់ស៊ីស គឺសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមិន គិតថា សមាជិកចាស់ ឬសមាជិកថ្មី ឬប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ, (៣).កត្តាសមាហរណកម្មតំបន់ ពោលគឺជាស្នូលនៃនិម្មាបនកម្មតំបន់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងសង្គម និង(៤). អាស៊ានជាច្រកទ្វារ ការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មកអាស៊ាន តែងតែជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា។

រយៈពេល ២០​ឆ្នាំកន្លងមកនេះ កម្ពុជាបានចាប់យកនូវឱកាសជាច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ាន និយាយ​ជារួម និងការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និយាយដោយឡែក។ ចាប់តាំងពីពេលដែលកម្ពុជា បាន ក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩​ មក ​កម្ពុជាធ្លាប់បានធ្វើជាប្រធាន​អាស៊ានចំនួន២លើករួចមក ហើយ គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹង ធ្វើជាប្រធាន​អាស៊ានជាថ្មីម្តងទៀត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ តើអ្វី​ជាឱកាសសម្រាប់កម្ពុជា ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន? តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីចាប់យកឱកាសទាំងនោះ?

ជាការណ៍ពិតណាស់ តួនាទីជាប្រធានអាស៊ាន​អាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមផងដែរ។ ក៏ប៉ុន្តែជាបឋមអ្វីដែលជាឱកាសម្រាប់កម្ពុជានៅពេលនេះ គឺជា​ពេលវេលា ដែលយើងអាចបង្ហាញប្រកបដោយក្តីមោទនភាពថា កម្ពុជាដែលពីមុនជាប្រទេស ត្រូវទទួលរងការហ៊ុម ព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុង សមាហរណកម្មខ្លួន យ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទី យ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាក​អន្តរជាតិ និងប្រកាន់ខ្ជាប់ជានិច្ចនូវ គោលការណ៍ពហុភាគីនិយម។

ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២​វាជាឱកាសដែលកម្ពុជាអាចបង្ហាញពីសមត្ថភាព ខាងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ។​ ប៉ុន្តែ សន្តិភាព និងស្ថិរភាព​នយោបាយនៅប្រទេសកម្ពុជាគឺជា​រឿងដែលមិនអាចមើលរំលងបាន។ បើសិនជាកម្ពុជាស្ថិតក្នុង​ចលាចល ខាងនយោបាយ និងការហែកហួរ​ដោយសង្គ្រាម គឺយើងពិតជាមិនមានឱកាសទទួល ភារកិច្ចដ៏ធំបែបនេះបាន នោះទេ។ ព្រឹត្តិការណ៍​នេះនឹងជួយឱ្យកម្ពុជា​លើកមុខមាត់របស់ខ្លួន ទាំងវិស័យនយោបាយ ការទូតសេដ្ឋកិច្ច ​ប្រតិបត្តិការសន្តិភាព និង​ការងារមនុស្សធម៌អន្តរជាតិ។

នៅក្នុងតំបន់ក៏ដូចជាពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណីជាច្រើនកំពុង កើតឡើង​ដូចជា​ការប្រកួតប្រជែង​រវាងមហាអំណាច​, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាការប្រើប្រាស់​ទឹកនៅ ក្នុងតំបន់មេគង្គ, ​ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាការទូតវ៉ាក់សាំង, ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ ជំងឺកូវីដ-១៩, ​គ្រោះមហន្តរាយធម្មជាតិ, ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ជនបាត់បង់ទីលំនៅក្នុងស្រុក, ពលករចំណាកស្រុក,ការផ្លាស់ប្តូរអាកាសធាតុ ជាដើម នឹងបន្តក្លាយជាបញ្ ហាប្រឈម ដែលកាន់តែស្មុគស្មាញឡើង។ បញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែនឬជាការ ទទួលខុស ត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ តែវាជាការទទួលខុសត្រូវរួមរបស់សហគមន៍​​អន្តរជាតិ ដែលក្នុងនោះ កម្ពុជាក៏មានចំណែកមួយក្នុងនោះដែរ។ ដូច្នេះ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន​ឆ្នាំ​២០២២ខាងមុខ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែក​ដោះស្រាយបញ្ហា​ប្រឈម​ដ៏ស្មុគស្មាញខាងលើ។

កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា, ឥឡូវនេះ បានក្លាយទៅជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរ​រាប់លាននាក់ក្នុងមួយឆ្នាំៗ។ កម្ពុជា ដែលពីមុនល្បីក្នុងការប្រើប្រាស់ អាវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល, ឥឡូវនេះ បានក្លាយទៅជាប្រទេសមួយ

ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាម​រយៈការរៀបចំយ៉ាងទៀត ទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដី ពេញលេញ។ ទាំងនេះជាមេរៀន​​និងបទពិសោធន៍នៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាអាចចែករំលែកជាមួយសមាជិកអាស៊ាន​​ដទៃទៀតក្នុងឱកាស ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។

ការជំរុញដំណើរសមាហរណកម្មតំបន់ពេញលេញរបស់អាស៊ាន និងការលើកម្ពស់កិច្ចសហប្រតិបត្តិការ​ខាង​ក្រៅរបស់អាស៊ាន ជាកិច្ចការដ៏សំខាន់ដែលប្រធានអាស៊ានផ្តោត​ការយកចិត្តទុកដាក់។ ដូច្នេះ ឆ្នាំ២០២២ ខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការយល់ព្រមលើសមាជិកភាពរបស់ប្រទេសទីម័រខាងកើត ជាសមាជិកទី១១ របស់អាស៊ាន និងការពង្រីកដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនោះដែរ ចុងក្រោយជាឱកាសដែលកម្ពុជាអាចបង្ហាញពី​សក្តានុពលនៃការអភិវឌ្ឍ និងការទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេស និងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួន ប្រសិនបើយើងអាចរៀបចំប្រជុំនានាដោយផ្ទាល់បាន។

ខាងលើជាឱកាសខ្លះៗ ដែលកម្ពុជាអាចទទួលបានក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ​២០២២ខាងមុខនេះ។ ប៉ុន្តែ សំណួរសួរថា តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះដើម្បីចាប់យកឱកាសទាំងនោះ?

ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងមានទាំងឱកាសទាំងបញ្ហាប្រឈម។ ក្នុងន័យនេះ កម្ពុជាត្រូវត្រៀម លក្ខណៈទាំងខាងក្នុង និងខាងក្រៅឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសផង និងទប់ទល់នឹងបញ្ហា​ប្រឈមផង។ ខាងក្រោមនេះជាការពិចារណាខ្លះៗអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងឋានៈជា​ប្រធានអាស៊ាន។

ពិតហើយ កម្ពុជាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាលឬស្ថាប័នរដ្ឋណាមួយ​ដាច់ដោយ ឡែកនោះទេ។ ភាពជោគជ័យឬបរាជ័យរបស់កម្ពុជា ជាការទទួលខុសត្រូវរបស់យើងទាំងអស់​គ្នា រាប់ទាំង ប្រជាពលរដ្ឋគ្រប់រូបរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ជាទិដ្ឋភាពផ្ទៃក្នុង គឺត្រូវធានាថា ​មានការចូលរួមពី គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ាន ជាប្រវត្តិសាស្ត្រនេះឱ្យទទួល បានជោគជ័យ គឺត្រូវត្រៀមលក្ខណៈទាំងធនធានមនុស្ស, សម្ភារៈ, ថវិកា, បច្ចេកទេស, ការងារសន្តិសុខ, ការងារពិធីការ និងបដិសណ្ឋារ​កិច្ច ជាពិសេស ការងារឯកសារ​សម្រាប់បម្រើដល់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ ព័ន្ធ​នានា ដែលជាការងារដ៏មានសារៈសំខាន់បំផុតសម្រាប់ព្រឹតិ្តការណ៍នេះ។

ទន្ទឹមនឹងនោះដែរ គណបក្សនយោបាយនានា​គួរតែមានជំហររួមទៅលើគោលបំណង និង​អាទិភាពគោល នយោបាយការបរទេសរបស់ជាតិ ដើម្បីអធិបតេយ្យ បូរណភាពទឹក និងផលប្រយោជន៍ជាតិ, ស្ថាប័នសិក្សា ស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដទៃទៀត គួររួម​ចំណែកជាមួយស្ថាប័ន ពាក់ព័ន្ធ ក្នុងការផ្តល់យុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយនានា ដើម្បីឱ្យកម្ពុជាអាចទទួលបាននូវផល ប្រយោជន៍ដ៏លើសលប់​ពីតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន, ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវជំរុញការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី​តួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងផ្សព្វផ្សាយព័ត៌មានពិត អំពីកម្ពុជា​ជូន​ទៅដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស, អង្គការសង្គមស៊ីវិលនានាក៏ត្រូវរួមចំណែក លើកម្ពស់​មុខមាត់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននេះដែរ ហើយត្រូវរួមចំណែកផ្តល់អនុសាសន៍ក្នុងន័យ ស្ថាបនាដល់​រាជរដ្ឋាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ ហើយចុងក្រោយ ពលរដ្ឋកម្ពុជា ក៏មានចំណែកក្នុងភាព ជោគជ័យរបស់កម្ពុជាផងដែរ ត្រូវរៀបចំខ្លួន​ជាពលរដ្ឋដែលមានវិន័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវ ជាពលរដ្ឋប្រកបដោយពុទ្ធិ និងជា​ពលរដ្ឋដែលសកម្ម។

ជាទិដ្ឋភាពខាងក្រៅ តំបន់ និងពិភពលោកកំពុងពើបប្រទះបញ្ហាប្រឈមធំៗ តួយ៉ាង ការប្រកួតប្រជែងនៃពួក មហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់មេគង្គ ក៏ដូចជាការប្រជែងគ្នារវាង​យុទ្ធសាស្ត្រគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative – BRI) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម។​ ក្នុងស្ថានភាពនេះ គឺទាមទារឱ្យកម្ពុជាអនុវត្តការទូតស្ងាត់ស្ងៀម និងការពិគ្រោះ​យោបល់ ដើម្បីស្វែងរកមូលដ្ឋានរួមសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ក្នុងចំណោមប្រទេស​នានានៅក្នុងតំបន់ ដើម្បីកុំឱ្យ សមាជិកអាស៊ានបែកបាក់ ដែលម្ខាងរត់ទៅរកសហរដ្ឋអាម៉េរិក ម្ខាងរត់ទៅរកចិន ដើម្បីផលប្រយោជន៍រៀងៗ ខ្លួន។ ពោលគឺជំរុញរបៀបវារៈទាំងឡាយណាដែលចងភ្ជាប់អាស៊ាន ជាជាងបញ្ហាដែលធ្វើឱ្យអាស៊ានបែកបាក់ ជាពិសេសគឺរក្សាសាមគ្គីភាព ឯកភាព និងអព្យាក្រឹតភាពអាស៊ាន និងបង្ហាញឱ្យឃើញថា អាស៊ានជាកម្លាំងទប់ ក្នុងការគ្រប់គ្រងការប្រកួតប្រជែង​អំណាចរវាង ចិន និងសហរដ្ឋអាម៉េរិក ដើម្បីរក្សា និងគ្រប់​គ្រងស្ថានភាព ឬបរិស្ថាន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាព ដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។ លើសពី នេះទៀត កម្ពុជាត្រូវដាក់ចេញនូវរបៀបវារៈដែល​អាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ ពលរដ្ឋអាស៊ាន ដើម្បី​ឱ្យពលរដ្ឋអាស៊ានមានមោទនភាពនិងក្តីសង្ឃឹមសម្រាប់អនាគត

និងមានទំនុកចិត្តសម្រាប់សុខុមាលភាព របស់មនុស្សជំនាន់ក្រោយ និង​ព្យាយាម​ធ្វើឱ្យ​មាន​តុល្យភាព​ផងដែរ​រវាង​សសរស្តម្ភ​ទាំង​៣​របស់​អាស៊ាន រួមមាន​​សហគមន៍​នយោបាយ-សន្តិសុខ​​, សហគមន៍​សេដ្ឋកិច្ច​ និង​សហគមន៍​សង្គម-​វប្បធម៌​។

ក្នុងឱកាសដ៏ពិសេសនោះ កម្ពុជាគួរផ្តួចផ្តើមគំនិតបង្កើត «ក្រុមប្រឹក្សាត្រួតពិនិត្យ និងសម្របសម្រួលអាស៊ាន» មួយដែលដើរតួនាទីជាស្ថាប័ន​ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ និង លិខិតូបករណ៍នានារបស់អាស៊ាន ព្រោះអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារនានារាប់ មិនអស់ ប៉ុន្តែការអនុវត្ត​ជាក់ស្តែងហាក់ដូចជានៅមានកម្រិតនៅឡើយ ហើយអាស៊ាន​មិនទាន់មានយន្តការ អចិន្ត្រៃយ៍ និងអាណត្តិពេញលេញក្នុងកិច្ចការនេះនោះទេ។ ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះនឹងដើរតួនាទី ជាយន្តការសម្រាប់សម្របសម្រួលឬដោះស្រាយវិបត្តិផ្ទៃក្នុង ​នៃ​រដ្ឋជាសមាជិក ជម្លោះរវាងរដ្ឋជាសមាជិក​ និងធ្វើបុរេសកម្មភាពដើម្បីទប់ទល់ការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ។

ពាក់ព័ន្ធនឹងវិបត្តិនយោបាយបាយនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាគួរបង្កើតក្រុមការងារពិសេសមួយដើម្បីធ្វើការ ជាមួយ បណ្តា​គូជម្លោះនៅមីយ៉ាន់ម៉ាដោយស្ងាត់ស្ងៀមឬការទូតទ្វារក្រោយ ដើម្បីចែករំលែក​មេរៀន និង បទពិសោធន៍នៃការកសាងសន្តិភាព និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រទេស​មីយ៉ាន់ម៉ា ហើយវាក៏ជាឱកាសដើម្បី​បង្ហាញថា កម្ពុជាមានសមត្ថភាពជួយដោះស្រាយវិបត្តិនយោបាយ​នៅក្នុងប្រទេស ជាសមាជិកអាស៊ានដូចគ្នា។ ការជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ​មិនមែនជាការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះនោះទេ ប៉ុន្តែជាការបង្ហាញសាមគ្គីភាពអាស៊ាន និងការជួយគ្នា​ទៅវិញទៅមក ដោយឈរលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។

កម្ពុជាត្រូវបន្ត​លើកកម្ពស់តួនាទី និងកិត្យានុភាពជាតិលើ​ឆាកអន្តរជាតិ តាមរយៈការជំរុញបន្ថែមទៀត នូវដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលជាផ្នែកមួយនៃការទូតសាធារណៈរបស់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារមីន ទៅជាប្រទេសដែល​មានសកម្មភាពលេចធ្លោក្នុងការបោស សម្អាតមីន, ចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព និងការងារមនុស្សធម៌​អន្តរជាតិ, ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ, អភិបាលកិច្ច​ល្អ, គោលការណ៍​ប្រជាធិបតេយ្យ ក៏ដូចជា​ការ​លើកកម្ពស់​នូវ​ការគោរព និង​ការការពារ​សេរីភាព សិទ្ធិមនុស្ស និងការ​លើកកម្ពស់​យុត្តិធម៌​សង្គម​ជាដើម​ ដើម្បីកសាងមុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

កម្ពុជាចាំបាច់ត្រូវធ្វើសកម្មភាពចាប់​ពីពេលនេះតទៅ ក្នុងការជំរុញការគាំទ្រការបញ្ចូលសមាជិកភាពប្រទេសទីម័រ ខាងកើត​ទៅក្នុង អាស៊ាន។ ទីម័រខាងកើតជារដ្ឋមួយ​ដូចកម្ពុជាដែរដែលបានឆ្លងកាត់ជម្លោះ និងអំពើប្រល័យ ពូជសាសន៍​ពីអតីតកាល កម្ពុជាបានយល់ច្បាស់ពីសារៈសំខាន់នៃការចូលរបស់​ទីម័រខាងកើតទៅក្នុងអាស៊ាន។ ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីសមាជិកភាព របស់ខ្លួននៅក្នុងអាស៊ាន។ ដូច្នេះ វាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគាំទ្រ និងជួយដល់ទីម័រខាងកើតក្នុងការចូល ជាសមាជិកអាស៊ានដើម្បីធ្វើឱ្យសមាហរណកម្មតំបន់អាស៊ាន​មានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវជំរុញការពង្រីកដៃគូសហប្រតិបត្តិការខាងក្រៅ​របស់អាស៊ានដើម្បីផលប្រយោជន៍អាស៊ានផង និងដើម្បីតុល្យភាពផង។

កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូតជាយុទ្ធសាស្ត្រគាំទ្រគោលការណ៍ពហុភាគីនិយម រក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយ​ប្រទេសមហាអំណាចទាំងអស់ ពង្រឹងតួនាទីសំខាន់របស់អាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍​ទំនាក់ទំនងអន្តរជាតិដែលផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនា និងការចរចា។ ប្រទេសកម្ពុជាត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាតចំពោះជម្លោះ និង​អធិបតេយ្យភាពអន្តរជាតិ។ កម្ពុជាក៏អាចដើរតួជាមេអណ្តើកក្នុងការសម្របសម្រួល បន្ធូរបន្ថយកម្ដៅសមុទ្រចិនខាងត្បូង​ផងដែរ។

ចុងក្រោយ ទន្ទឹមនឹងកិច្ចប្រជុំនានា កម្ពុជាគួរ​រៀបចំវេទិកាធុរកិច្ច និងវិនិយោគ ដើម្បីបង្ហាញ​សក្តានុពល និងភាព ទាក់ទាញរបស់​កម្ពុជា​លើវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ ដែលស្របនឹងយុទ្ធសាស្ត្រ​ការទូត សេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែដើម្បីធានាឧត្តមភាពប្រកួតប្រជែង​របស់ខ្លួន កម្ពុជាចាំបាច់ត្រូវបន្ត​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ជាក់ស្តែង និងមានប្រសិទ្ធភាព​​ទៅ​លើ​ស្ថាប័ន​របស់​រដ្ឋ, បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែល​អាច​កាត់បន្ថយថ្លៃសេវាដឹកជញ្ជូន និងថ្លៃដើមចង្វាក់ផលិតកម្ម,​ ការ​ផ្គត់ផ្គង់​អគ្គិសនី ​និងទឹកក្នុង​តម្លៃ​ទាប, កាត់បន្ថយឬលុបបំបាត់ការិយាធិបតេយ្យ​ក្នុងនីតិវិធីវិ​និយោគ និងចុងក្រោយគឺពង្រឹងអភិវឌ្ឍធនធាន មនុស្សដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មជំនាញ និងពាក់​កណ្តាលជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់។ជារួមទៅ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងអាចទទួលបាននូវឱកាសយ៉ាងច្រើន ក្នុងការបង្ហាញ​មុខមាត់ និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ និងសមត្ថភាព​ក្នុងការរួមចំណែក​ដោះស្រា​យ​បញ្ហាតំបន់ និងអន្តរជាតិ និងជាមោទនភាពដ៏ធំធេងរបស់កម្ពុជាដែលបានទទួលតួនាទីដ៏ត្រចះត្រចង់នេះ។ ប៉ុន្តែ ភាពជោគជ័យឬបរាជ័យ របស់កម្ពុជា វាអាស្រ័យលើការត្រៀមលក្ខណៈរបស់កម្ពុជា ទាំងកិច្ចការខាងក្នុង និងកិច្ចការខាងក្រៅ និងការ ចូលរួមដោយស្មារតីគិតគូរផលប្រយោជន៍ជាតិខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងពីគ្រប់សមាសភាពសង្គមកម្ពុជា រាប់ចាប់ពីគណបក្សនយោបាយ​ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ប្រព័ន្ធផ្សព្វ​ផ្សាយ​រដ្ឋ និងឯកជន អង្គការសង្គមស៊ីវិលអ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋកម្ពុជាទូទៅ ដែល​ម្នាក់ៗសុទ្ធតែមានចំណែកចំពោះភាព ជោគជ័យឬបរាជ័យ នៃតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាប្រធាន​អាស៊ាននេះ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print