សូមប្រយ័ត្ន! គ្រោះធម្មជាតិឆក់យកជីវិតមនុស្សងាយៗ នៅគ្រាកំពុងឆ្លុះកង្កែបតាមវាលស្រែ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ពិតជាមើលពុំឃើញមែន មើលចុះបុរសម្នាក់នេះត្រូវរន្ទះបាញ់ស្លាប់មួយប៉ប្រិចភ្នែក នៅគ្រាដែលកំពុងដើរឆ្លុះកង្កែបតាមវាលស្រែក្រោយផ្ទះ នៅពេលដែលមេឃកំពុងធ្លាក់ភ្លៀង ។

ហេតុការណ៍ដ៍៏រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែផ្នែកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្រែជង ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពរាយព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ រ៉េន រ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ ។

ប្រភពដដែលបន្តទៀតថា កាលពីល្ងាចមុនកើតហេតុមានភ្លៀងធ្លាក់តិចច្រើនៗ លាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះ។ លុះដល់វេលាម៉ោងខាងលើជនរងគ្រោះបានចេញទៅឆ្លុះកង្កែប ជាអកុសលត្រូវរន្ទះបាញ់បានឆក់យកជីវិតគាត់ យ៉ាងសង្វេគដូចបានឃើញរូបភាពនេះ គឺឆេះរោលពេញខ្លួនប្រាណថែមទាំងរហែកខោដូចគេចាប់ហែក។
សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចចុះពិនិត្យធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ដោយ÷បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print