តតុលាការខេត្តស្ទឹងត្រែង សម្រេច​ឃុំខ្លួន​យុវជន​ពីរ​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ យុវជន​ពីរ​នាក់ ដែលជាប់ពាក់ព័ន្ធ​ករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​បានសាលាដំបូងខេត្ត​ស្ទឹងត្រែង សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​។​

ជន​ត្រូវ​ចោទទាំង២នាក់នេះ ១.​ឈ្មោះ សៅ សុខ​នាត អាយុ​២០​ឆ្នាំ និង​២.​ឈ្មោះ វៀច មី អាយុ​១៧​ឆ្នាំ​។ អ្នក​ទាំងពីរ មានមុខ​របរ ជាជាង​សិប្បកម្ម​ឈើ មាន​ទីកន្លែង​កំណើត ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ហើយ​បច្ចុប្បន្ន មក​ស្នាក់នៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។​

​បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ចខេត្ត​ បានឲ្យដឹងថា​ កាលពី​វេលា​ម៉ោង ៧យប់ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ជនសង្ស័យ​២ នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ដោយមាន​ម្នាក់​លាក់​ដាវ នៅជាប់​នឹង​ខ្លួន ទៅ​បន្ទប់​ផ្ទះជួល ប្អូនប្រុស​របស់ខ្លួន ក្នុងចំណោម​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​ភូមិភាគ​មួយ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង​។ ពេលទៅដល់ ពួកគេ​ទាំងពីរ​នាក់ ក៏បាន​អង្គុយចាំ​នៅលើ​ម៉ូតូ នៅ​ខាងក្រៅ​។​

​បន្ទាប់មក ជនសង្ស័យ​ម្នាក់ ចុះ​ពី​ម៉ូតូដើរ​ទៅរក​ប្អូនប្រុស ក្នុង​បន្ទប់​ជួល ក៏បាន​ជួបនឹង ជនរងគ្រោះ ឈ្មោះ ភី សុខ​លាង ដែល​ធ្លាប់មាន​គំនុំ ក្នុងពេល​ផឹកស៊ី កន្លងមក នៅក្បែរនោះ​។ ពេលនោះ ក៏បាន​និយាយ​ឌឺដង ផ្លែផ្កា​ដាក់គ្នា ឃើញ​ដូច​នោះ ជនរងគ្រោះ ឈ្មោះ ភី សុខ​លាង ក៏​ស្ទុះ​ទៅ​ដាល់​ចំ​ផ្ទៃមុខ និង​យក​ឈើ​ជ្រុង វាយ​ត្រូវ​ចាំ​កែងជើង ខាងឆ្វេង របស់​ជនសង្ស័យ បន្ថែមទៀត​។​

​ឃើញ​ស្ថានភាព​បែបនេះ ជនសង្ស័យ ឈ្មោះ វី​ច មី ក៏បាន​ស្ទុះ​ចូលទៅ ហើយ​ដក​ដាវ​ចេញពី​ចង្កេះ កាប់​ឈ្មោះ ភី សុខ​លាង ត្រូវចំ​ខ្នង បណ្ដាល​ឲ្យ​រងរបួស ផ្អើល​ដល់​អ្នកជិតខាង ចេញមក​ជួយ​ឃាត់ ជនសង្ស័យ​ទាំងពីរ​នាក់ ហើយ​រាយការណ៍ មក​សមត្ថកិច្ច អន្តរាគមន៍​ជួយ​។​ ចំណែកជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ បង្អែក​ខេត្តស្ទឹងត្រែង រីឯ​ជនសង្ស័យទាំង២នាក់ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន និង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ​ ចាត់ការតាមច្បាប់។

​បច្ចុប្បន្ន​ជនសង្ស័យ​ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ ២០២១ ត្រូវ​ចៅក្រម​ស៊ើបសួរ សាលាដំបូងខេត្តស្ទឹងត្រែង ឈ្មោះ លី គឹម​ឆាយ បានសម្រេច​ចោទប្រកាន់ ឃុំខ្លួន​ជន​ត្រូវ​ចោទ ២នាក់​នេះ ដាក់ពន្ធនាគារ ជា​បណ្ដោះ អាសន្ន រង់ចាំ​ការស៊ើបអង្កេតតាមក្រោយ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print