មន្ត្រី​ជំនាញ​ខេត្ត​ស្ទឹងត្រែង​៖​ ឃាត់​ទូកអ្នកល្មើស​នឹង​ការហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​ដល់​ទៅ​ជាង​២០០​នាក់ និងទូក​ជាច្រើន​គ្រឿង​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផលខេត្តស្ទឹងត្រែង​ បាន​ធ្វើ​ការ​បង្រ្កាប​ និងឃាត់​ទូក​អ្នកល្មើស​ទៅនឹង​ការហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​ដល់​ទៅ​ជាង​២០០​នាក់ ព្រមទាំង​ទូក​ជាច្រើន​គ្រឿង​ទៀត​ ខណៈ​រដូវ​បិទ​នេសាទ​តាម​ដង ទន្លេមេគង្គ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​រយៈពេល​ក​ន្លះ​ខែ​ដើមរដូវ​កាល​នេះ​។​

​ជាក់ស្ដែង​បេីតាមនាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ លោក វង្ស សាវឿន បានឲ្យដឹងនៅថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០២១នេះថា​ កាលពីពេលថ្មីៗនេះ​ ខណ្ឌ​រដ្ឋបាល​ជលផល បាន​ជូនដំណឹង​ដល់ ប្រជា​នេសាទ​ទាំងអស់​រួចមកហើយ តាមរយៈ​ការផ្សព្វផ្សាយ​ដោយផ្ទាល់ និង​ឧ​ឃោស​នស​ព្ទ ដោយ​មិន អនុ​ញ្ញា​ត្តិ​ឲ្យ​ធ្វើ​នេសាទ ដែល​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ហាមឃាត់​ទេ គឺ​ដើម្បី​ការពារ និង​អភិរក្ស​ត្រី មេ ពូជ​ក្នុងកំឡុងពេល​ពង​កូន​តាមបែប​ធម្មជាតិ​ភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។​

​​លោក វង្ស សាវឿន ​បន្តថា ក្រុម​ឆ្មាំ​ទន្លេ បានធ្វើ​ការដកហូត​ឧបករណ៍​នេសាទ ដែល​អ្នកនេសាទ​ដាក់​នៅ​ក្នុង​អ​ន្ល​​ង់​អភិរក្ស​ចំណុច​តំបន់​អភិរក្ស និង​ដកហូត បាន​នូវ​ឧបករណ៍​នេសាទ​ជាច្រើន​មាន​មង​បណ្តែត​ជាដើម ។​ បន្ថែមពីនេះ​ លោក​នាយរង​ខណ្ឌ​ ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ ការប្រើ​ឧបករណ៍ ខុសច្បាប់ ដូចជា​ឆក់​ប្រើ​ថ្នាំ​បំពុល និង​គ្រឿងផ្ទុះ ដែលនាំឱ្យ​បាត់បង់ និង​ផុត​ពូជ​ដល់​ធនធាន​ជលផល ក៏ដូចជា​ត្រី​មេ​ពូជ ។​

ដោយ​ឡែក​បើ​យោង​តាម​របាយការណ៍​មន្រ្តី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង ក៏បាន​បង្ហាញថា យុទ្ធនា​ការហាម ឃាត់​ក្នុង​រដូវ​បិទ​នេសាទ​មន្ត្រី​ជំនាញ​បាន​ផ្សព្វផ្សាយ​អបរំ ណែនាំ​ប្រជា​នេសាទ ដែល​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​បណ្តែត ក្នុង​រដូវ​បិទ​នេសាទ​ចំនួន ២១០​នាក់​។ ដោយ​បានព្រមាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​អ្នកនេសាទ ដែល​នៅតែ​បន្ត​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ​ចំនួន​១០៣​នាក់ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​អាជីវករ​ប្រមូល​ទិញ​ត្រី ដែល​បាន​ពី​ការនេសាទ​ខុសច្បាប់ ឬ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចំនួន ១២​នាក់​។​

​លើសពីនេះរដ្ឋបាលខណ្ឌជលផល ក៏បាន​ដកហូត​មង​បណ្តែត ដែល​លួច​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ និង​តំបន់​អភិរក្ស​សត្វ​ផ្សោត បាន​ប្រវែង​ប្រមាណ ៣.១៧០​ម៉ែត្រ និង​សន្ទូចរនង​ចំនួន ៤២០​ផ្លែ​, រឹបអូស​ស្បៃ​មុង​ប្រវែង ២០០​ម៉ែត្រ​, លប​ប្រើស​១០០ ប្រវែង ១៨០​ម៉ែត្រ និង​សាច់​អួន​ប្រវែង ១៥០​ម៉ែត្រ​។​

​គួរជម្រាបដែរថា​ ខេត្តស្ទឹងត្រែង​មាន​ទន្លេ​៤​ហូរ​កាត់៖ គឺ​ ទន្លេស្រែពក​, ទន្លេសេសាន​, ទន្លេសេកុង និង​ទន្លេមេគង្គ​។ ដោយ​ទន្លេទាំងនេះ ជា​តំបន់ អន្លង់​ជ្រៅ ដែលជា​ជង្រុក និង​ជា​ជម្រក​របស់​ត្រី​មេ​ពូជ​ដ៏​សំខាន់​។​

​សូមរម្លឹកថា​ កាលពីកន្លងទៅ​ សម្រាប់​តំបន់​ខេត្តស្ទឹងត្រែង​ខណ្ឌ​រដ្ឋបាលជលផល​បានប្រកាសថា​ ​ការបិទ​នេសាទ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ។ ប៉ុន្តែ​ទោះបីជានៅក្នុង​កំឡុងពេល​បិទ​រដូវ​នេសាទ​ក៏ដោយ​ បងប្អូន​ប្រជា​នេសាទ​ក៏​នៅតែ​អាច ធ្វើការ​នេសាទ​បាន ដោយ​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ គ្រួសារ​មានដូចជា​សៃយ៉ឺន លប សំណាញ់ សន្ទូច ផ្លែ មួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែង ដងត្រី និង ឧបករណ៍ មួយចំនួនទៀតផងដែរ។​

​ជុំវិញបញ្ហានេះដែរ​ រដ្ឋបាលខណ្ឌជលផលខេត្ត​ មាន​ទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពី​រដូវ​បិទ​នេសាទ​ ​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​គ្រប់​សហគមន៍​ទាំងអស់​តាម​វិទ្យុ ផ្សាយ​តាម​មេក្រូ ខិតប័ណ្ណ បណ្តាញ​ទំនាក់ទំនង​សង្គម និង​ជួប​ផ្ទាល់​តាម​ខ្នង​ផ្ទះ ។​ល​។​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print