សូមអបអរសាទរ! ចាប់ពីស្អែកទៅរាជធានីភ្នំពេញ សឹងតែគ្មានតំបន់ក្រហមទៀតទេ ដោយសារអ្នកឆ្លងកូវីដ១៩ថយចុះ

ចែករំលែក៖

ភ្នំពេញ, ចាប់ពីស្អែកទៅរាជធានីភ្នំពេញ សឹងតែគ្មានតំបន់ក្រហមទៀតទេ ដោយសារអ្នកឆ្លងកូវីដ១៩ថយចុះ។ នេះជាការលើកឡើងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាដំណឹងដ៏សែនរីករាយសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញផងដែរ។

 នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ  បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា , ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ស្អែកទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឲ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ (បើមានក៏មានតួចតិចបំផុត) ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាបន្តបន្ទាប់។
ដោយឡែក សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភាខាងមុខ សម្រេចឲ្យបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឲ្យមានការគោរតាមវិធានសុខាភិបាល។
សូមបញ្ជាក់ថា, គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍ ដែលធ្វើឲ្យមានការឆ្លងកូវីដ១៩ ខ្លាំងក្លាបំផុត។

សូមជម្រាបជូនថា, កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និងតំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច។ វិធានការនេះ បានជួយឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានប្រសិទ្ធភាព ពោលអត្រាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ បានថយចុះជាលំដាប់។
ទោះជាមានការថយចុះ នៃការឆ្លង covid-19 យ៉ាងណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣កុំនិង ៣ការពារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print