ខេត្តក្រចេះ៖ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងមានទំហំ ៨x១៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹកបានឆាបឆេះយ៉ាងសន្ធោសន្ធៅ(ឆេះគ្មានសល់) បណ្តាលមកពីរន្ទះភ្លើងបាញ់ពេលមានភ្លៀងធ្លាក់ស្រិចៗ ។
គ្រោះធម្មជាតិនេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ២ធ្នូ បានឲ្យដឹងថាផ្ទះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ជួន សឿន ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ី ធាវិ អាយុ ៣៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំស្រុកកើតហេតុខាងលើ ។រីឯ
សម្ភារ:ខូចខាតរួមមាន៖ គ្រែ ១, ទូទឹកកក ១, ទូដាក់ខោអាវ ១, គ្រឿងសង្ហាររឹម ១ឈុត, ប្រាក់រៀល ចំនួន២៣លានរៀល, សរុបជាថវិកាក្នុងការខូចខាតចំនួន ៣ម៉ឺនដុល្លារ ។
ប្រភពដដែលបានឲ្យដឹងទៀតថា
មុនពេលកើតហេតុមានភ្លៀងធ្លាក់ស្រិចៗលាយឡំដោយផ្លេកបន្ទោផ្គររន្ទះលាន់ឮយ៉ាងខ្លាំងពេញភូមិមួយនេះ។មួយស្របក់ស្រាប់មានឮស្នូររន្ទះបាញ់ផាំង(រន្ទះភ្លើង)ធ្វើឲ្យផ្ទះជនរងគ្រោះខាងលើក្លាយជាអគ្គិភ័យភ្លាមមួយរំពេច។ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងគ្រោះ ឬបាត់បង់អាយុជីវិតមនុស្សនោះទេ ដោយសារម្ចាស់ផ្ទះមិននៅ ។
គ្រានោះដែរកម្លាំងនគរបាលសង្គ្រោះអគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចេញធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកចំនួន ០១រថយន្ត ទើបភ្លើងរលត់ទៅវិញ តែព្រះអគ្គីបានបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិ គ្មានសល់ទៅហើយ៕