យន្តហោះចម្បាំងអុីស្រាអែល៥២គ្រឿងទម្លាក់គ្រាប់បែក១២០គ្រាប់កម្ទេចរូងក្រោមដីរបស់ហាម៉ាស់
យន្តហោះចម្បាំងអុីស្រាអែល ដល់ទៅ៥២គ្រឿងបានវាយប្រហារទម្លាក់គ្រាប់បែកទៅលើគោលដៅចំនួន៤០ នៅក្រោមដីគឺជាផ្លូវក្រោមដីដែលក្រុមហាម៉ាស់ប្រើប្រាស់ ស្ថិតនៅភាគខាងត្បូងហ្គាហ្សា ។
កម្លាំងទាហានការពារជាតិអុីស្រាអែល IDF បានឱ្យដឹងថា «យន្តហោះចម្បាំងបានបន្តវាយប្រហារតំបន់ Khan Yunis និង Fafah នៅភាគខាងត្បូងហ្គាហ្សា កាលពីយប់ថ្ងៃទី១៨ខែឧសភា ។ ការវាយប្រហាររយៈពេល២៥នាទីដោយប្រើប្រាស៊យន្តហោះចម្បាំង ៥២គ្រឿង ទម្លាក់គ្រាប់បែក១២០គ្រាប់កម្ទេចគោល៤០គោលដៅនៅក្រោមដី ដែលមានប្រវែងដល់ទៅ១២គីឡូម៉ែត្រ ។
អំពើហិង្សាកើនឡើងរវាងអុីស្រាអែល និងប៉ាឡេស្ទីន បានអូសបន្លាយជាង១សប្តាហ៍កន្លងមកហើយ ។ ពលរដ្ឋប៉ាឡេស្ទីននៅហ្គាហ្សាដល់ទៅ២១៣នាក់ស្លាប់ និងជាង ១ពាន់នាក់រងរបួស ។ចំណែកភាគីអុីស្រាអែលវិញក៏មានមនុស្ស១២នាក់ស្លាប់ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែល លោក Benny Gantz បានបញ្ជាក់ថា ក្រុមហាម៉ាស់ជាអ្នកវាយប្រហារអុីស្រាអែលមុន ។ លោកបន្តទៀតថា សហគមន៍អន្តរជាតិគួរតែដឹងថា ក្រុមហាម៉ាស់ជាអ្នកវាយប្រហារអុីស្រាអែលមុន ហើយក្រុមនេះនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។
កន្លងមកមានបាតុកម្មជាច្រើនកើតឡើងនៅជុំវិញពិភពលោក ប្រឆាំងនិឹងការវាយប្រហាររបស់អុីស្រាអែល ទៅលើទឹកដីហ្គាហ្សា សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ក្នុងនោះមានស្ត្រី និងកុមារ ។ ពេលថ្មីៗនេះ ពលរដ្ឋឥណ្ឌូនេស៊ី ក៏បានដង្ហែក្បួនបាតុកម្មប្រឆាំងអុីស្រាអែល និងបង្ហាញព៏ការសាមគ្គីគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីនផងដែរ៕
រូបភាព៖ VTC