ចិនត្រៀមបញ្ជូនផ្នែកទីពីរនៃយានអវកាសឡើងទៅកាន់តារាវិថី ដើម្បីសាងសង់ស្ថានីយ

ចែករំលែក៖

យានអវកាសចិន Tianzhou-2 និឹងបញ្ជូនផ្នែកទីពីរនៃស្ថានីយអវកាសឡើងទៅកាន់តារាវិថីផែនដី ។ សកម្មភាពខាងលើកើតឡើងក្រោយពេលចិនបញ្ជូនទំនិញឡើងទៅកាន់ស្ថានីយដោយជោគជ័យកាលពីថ្ងៃទី១៦ខែឧសភា ។
សារព័ត៌មាន AFP នៅល្ងាចថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានផ្សាយថា ពេលនេះចិនកំពុងត្រៀមចេញ «បេសកកម្មដឹកជញ្ជូនសម្ភារ» ដែលជាផ្នែកនៃការសាងសង់ស្ថានីយអវកាសរបស់ខ្លួន បន្ទាប់ពីបានបញ្ជូនកំណាត់បន្ទប់ស្នូល នៃស្ថានីយអវកាសនោះ ឡើងទៅកាន់ទីអវកាសរួចរាល់ហើយ កាលពីខែមេសា ឆ្នាំ២០២១។
ចិនបានប្រើប្រាស់ រ៉ុក្កែត Long March សម្រាប់បញ្ជូនយាន Tianzhou-2 នាំយកសម្ភារចាំបាច់ដូចជា ស្បៀងអាហារ និងឈុតអវកាសទៅកាន់កំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ដែលត្រូវបានបញ្ជូនឡើងទៅមុន កាលពីថ្ងៃទី២៨ ខែមេសា។ យ៉ាងណាមិញ ពេលវេលាជាក់លាក់នៃការចេញបេសកកម្មនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ស្ថានីយអវកាសចិន ដែលមានឈ្មោះផ្លូវការថា Tiangong ឬវិមានឋានសួគ៌ នឹងត្រូវការបេសកកម្មហោះឡើងទីអវកាសសរុបប្រហែល ១០ជើង ដើម្បីសម្រេចបានការផ្គុំឲ្យចេញជារូបរាងពេញលេញនៅក្នុងទីអវកាស។ ចិនបានដាក់គោលដៅថា ការផ្គុំស្ថានីយអវកាសរបស់ខ្លួន នឹងរួចរាល់ជាស្ថាពរនៅមុនដំណាច់ឆ្នាំ២០២២។ វាត្រូវគេរំពឹងថា នឹងអាចស្ថិតនៅក្នុងគន្លងអវកាសបានរហូតដល់យ៉ាងហោច ណាស់១៥ឆ្នាំដែរ។
ចំពោះអវកាសអន្តរជាតិ ISS ដែលមានអាយុជាង ២ទសវត្សរ៍មកហើយ អាចនឹងត្រូវចូលនិវត្តន៍ក្រោយឆ្នាំ២០២៨ ស្ថានីយអវកាសរបស់ប្រទេសចិន អាចនឹងក្លាយជាមូលដ្ឋានតែមួយគត់របស់មនុស្ស នៅក្នុងគន្លងអវកាសផែនដី។ កន្លងមកចិនមិនមែនជាដៃគូ ក្នុងកម្មវិធីស្រាវជ្រាវនៅស្ថានីយអវកាសអន្តរជាតិ (ISS) នោះទេ តែទោះជាយ៉ាងណា ចិនបានបង្ហាញការស្វាគមន៍ ប្រសិនបើអន្តរជាតិចង់សហការ ពាក់ព័ន្ធស្ថានីយអវកាសថ្មីរបស់ខ្លួននេះ៕

...

រូបភាព៖ CCTV/framegrab

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print