ភ្នំពេញ ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ម្សិលមុិញនេះ បានថ្លែងប្រាប់សារព័ត៌មាន ឲ្យដឹងថា, Facebook ផ្លូវការរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួច Hack យកទៅប្រើប្រាស់ និងគ្រប់គ្រង ខណៈដែល Facebook របស់កញ្ញាមិនត្រូវបានប្រើប្រាស់តាំងពីចាប់ឃាត់ខ្លួនមកម៉េ្លះ។
បើតាម លោកមេធាវី គី តិច បានបញ្ជាក់បន្តថា ,តាំងពីថ្ងៃដែលនគរបាលខណ្ឌទួលគោកចាប់ឃាត់ខ្លួនកញ្ញា មាន ពេជ្ររីតា (ថ្ងៃទី៨ ឧសភា) គឺកញ្ញាមិនបានប្រើប្រាស់ Facebook ទៀតទេ ដោយសារទូរស័ព្ទស្ថិតនៅក្នុងដៃរបស់នគរបាល និងតុលាការ។ ទើបតែយប់ថ្ងៃនេះ Facebook របស់កញ្ញាឃើញ Online ហើយកញ្ញាសាកចូលក្នុង Facebook របស់ខ្លួនចូលលែងកើតដោយសារ Username និង លេខសំងាត់ត្រូវបានគេលួច Hack និងដូរលេខកូដថ្មី។
ទោះបីជា លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនបានបញ្ជាក់ប្រាប់អំពីការ ជនអនាមិកលួច Hack យកទៅគ្រប់គ្រង មានការបង្ហោះអំពីអ្វីនោះដោយ ប៉ុន្តែអាចជាចេតនារបស់ជនឧក្រិដ្ឋ ក្នុងគោលបំណងបង្ហោះនូវរឿងរ៉ាវណាមួយបង្ខូចកិត្តិយសរបស់នាង ដូច្នេះសង្ឃឹមថាអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការជាតិ ក៏ដូចជាក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការក្នុងរឿងនេះដើម្បីស្វែងរកក្រុមជនខិលខូចទាំងនោះ៕
ដោយ, សិលា