ករណី​ផឹក​ស្រា.ស ស្រាថ្នាំ​ នៅស្រុកល្វាឯម ខេត្តកណ្តាល​,​ពេលនេះ​មនុស្សស្លាប់​​ជា​បន្តបន្ទាប់​ចំនួន​​ ១២​នាក់ហើយ​

ចែករំលែក៖

ខេត្តកណ្តាល៖ បេីគិតត្រឹម​វេលា​ម៉ោងប្រមាណជាង​៥​ល្ងាចថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញ​​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ស្លា​ប់​ជា​បន្តបន្ទាប់​ សរុប​​ចំនួន​១២​នាក់​ហើយ និង​៥​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះបើ​តាមការបញ្ជាក់ពី​លោក មន សុ​ឃឿ​ន មេឃុំ​សារិកាកែវ។

ប៉ុន្តែ​ទោះ​យ៉ាងណា ជុំវិញករណី​មនុស្ស​ស្លា​ប់​បន្តបន្ទាប់​គ្នា​ចំនួន​១២​នាក់ និង​សម្រាក​ព្យាបាល​៥​នាក់​ខាងលើ​នេះ លោក មន សុ​ឃឿ​ន ក៏មិន​ទាន់​ហ៊ាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ឲ្យ​ដឹងច្បាស់​​នោះ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​តែ​ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ តែ​លទ្ធផល​ពុំ​ទាន់​ដឹង​ឡើយ​។

ដោយ​ឡែក​អាជ្ញាធរមានសមត្ថកិច្ច ក្រុម​គ្រូពេទ្យ ក្រុម​យុវជន និង​ប្រជា​ការពារ​ភូមិ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​​ បាន​ប្រមូល​អ្នក​ពាក់ព័ន្ធ​ដែល​ទៅ​ចូលរួម​ពិធីបុណ្យ​ស​.​ព​នោះ​ចំនួន​៨៤​នាក់​មក​ពិនិត្យ​សុខភាព ប៉ុន្តែ​ដោយ​សុខភាព​ពួក​គាត់​ធម្មតា ក៏​ឲ្យ​​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។​ ចំណែក​​ក្រុម​គ្រួសារ​អ្នក​ស្លា​ប់​បាន​ដាក់​ការ​សង្ស័យ​ថា៖ ចំពោះ​ការ​ស្លា​ប់​របស់​ប្តី ឬ​កូនចៅ​គាត់ គឺ​បណ្តាល​មក​ពី​ពុល​ស្រា​.​ស ដែល​ផឹក​ពេល​ទៅ​កំដរ​បុណ្យ​ស​ព​គេ​ក្បែរ​ផ្ទះ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ​ក៏​មាន​អាកា​រៈ​ក្តៅ​ស្រែក​ទឹក និង​រឹង​ខ្ញង់​ដៃជើង បាន​តែ​១​ថ្ងៃ​ឬ​២​ថ្ងៃ ក៏​បែកពពុះមាត់​ត្រដរ​ដាច់ខ្យល់​ស្លា​​ប់​តែ​ម្តង​។

ប្រភពដដែល​ បន្តថា​ ​ខ្លះ​ទៀត​មាន​អាកា​រៈ​ដូច​គ្នា លុះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក បាន​តែ​៣​ថ្ងៃ ៤​ថ្ងៃ ៥​ថ្ងៃ ឬ​៦​ថ្ងៃ ៧​ថ្ងៃ ឬ​ក៏​៨​ថ្ងៃ ទៅ​៩​ថ្ងៃ គឺ​ដាច់ខ្យល់​ស្លា​.​ប់​ជា​បន្តបន្ទាប់​គ្នា​។ ចុង​ក្រោយ ក្រុម​គ្រួសារ​ស​.​ព​ទាំង​១២​នាក់​ខាងលើ សូម​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ មេត្តា​ជួយ​អោយ​បានដឹង​លទ្ធផល​ឆាប់​ៗ​ផង​។

គួរជម្រាបថា​ ហេតុ​ការណ៍​នេះ​ បានកេីតឡេីង​កាលពី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​ បន្ទាប់​ពី​ពួក​គាត់​បាន​ទៅ​ចូលរួម​កំដរ​ក្នុង​ពិធីបុណ្យ​ស​ព​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​បាន​ផឹកស្រា​.​ស​។

ដោយឡែក​ជុំវិញករណីនេះដែរ​ លោក កន សុកកាយ​ អភិបាលស្រុកល្វាឯម កាលពីថ្ងៃទី១៩​ ឧសភា​នេះ​ដែរ​ បានឲ្យដឹងថា លទ្ធផលធ្វើតេស្តទៅលើតៀមលក់ស្រា-ស ស្រាថ្នាំទាំង២៨តូប មានស្ទើរតែទាំងអស់ដែលលក់ស្រា-ស មានលាយសារធាតុមេតាណុលពុលនេះលើសកម្រិត។ រីឯផ្ទះផលិតស្រាវិញ ដែលមានម្ចាស់ឈ្មោះ ប៊ូ ស៊ន កំពុងជាប់ការសង្ស័យរង់ចាំការស៊ើបដោយជំនាញបន្តទៀត។

លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃរសៀលថ្ងៃដដែលនេះ អាជ្ញាធរបានកោះហៅពលរដ្ឋដែលបានផឹកស្រាស ស្រាថ្នាំ តាំងពីថ្ងៃទី១០ ខែឧសភាកន្លងទៅ មកពិនិត្យសុខភាពបាន ៥៦នាក់ ក្នុងនោះមានមនុស្សចំនួន ៥នាក់ ស្ថិតក្នុងអាការៈត្រូវសង្រ្គោះ ហើយលោកបានបញ្ជូនមនុស្សមកធ្វើការព្យាបាលនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញរួចហើយ។ សម្រាប់រសៀលនេះ អាជ្ញាធរបន្តពិនិត្យមនុស្សជាង ២០នាក់ផ្សេងទៀត ដែលបានផឹកស្រាស ស្រាថ្នាំនេះដែរ ដើម្បីប្រាកដថា ពួកគាត់អាចមានបញ្ហាគ្មាន។ ក្នុងករណីសង្ស័យថា មានភាពមិនប្រក្រតីតិចតួចក្ដី ក៏អាជ្ញាធរត្រូវតែយកចិត្តទុកដាក់បន្ទាន់ទៅលើបងប្អូនប្រជាពលរដ្ឋផងដែរ។ រីឯស្រាស ស្រាថ្នាំទាំងអស់ត្រូវបានលោកសុំគោលការណ៍ ដើម្បីដុតកម្ទេចចោលទាំងអស់ មិនឱ្យនៅសល់ទៀតឡើយ។

លោកបញ្ជាក់ទៀតថា ថ្ងៃនេះលោកបានកោះហៅមេឃុំទាំង១៤ មកប្រជុំបន្ទាន់ ដើម្បីដាក់ផែនការបិទការលក់ស្រានៅតាមតូប ឬតៀមគ្រប់ប្រភេទ និងពិសេសកន្លែងផលិតស្រាគ្រប់ប្រភេទ ត្រូវមានវិធានការណ៍ម៉ឺងម៉ាត់បំផុត។ បើករណីរកឃើញថា ហ៊ានលួចលក់ទៀត អាជ្ញាធរចាត់ការតាមច្បាប់ភ្លាមៗតែម្ដង គ្មានការយោគយល់ទេ ក្នុងន័យធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានមិនឱ្យមានបញ្ហាតទៅមុខទៀត។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ពិសេសនោះគឺអ្នកដែលបានហូបស្រា ស ស្រាថ្នាំ ដែលទិញពីស្រុកល្វាឯម សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្រាទាំងនេះមានផ្ទុកសារធាតុមេតាណុល លើសកម្រិត ដែលបង្កឱ្យពុលមនុស្ស ឈានដល់ការបាត់បង់អាយុជីវិតបាន។

ចំពោះករណីនេះ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកណ្ដាល បានអះអាងថា ការផលិតស្រាគ្រប់ប្រភេទនៅតំបន់នោះ គឺ «គ្មានច្បាប់អនុញ្ញាតនោះទេ»។ កន្លងមកលោកបានធ្លាប់អប់រំ ណែនាំប្រជាពលរដ្ឋដែលផលិតស្រាលក់ ត្រូវមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំលាយលើសកម្រិត កុំធ្វើហួសប្រមាណដោយសេចក្ដីលោភលន់ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទទួលទាន។ ប៉ុន្តែជាលទ្ធផលឃើញថា ពួកគាត់បែជាបានប្រព្រឹត្តកំហុសបង្កឲ្យមនុស្សស្លាប់ទាំង១១នាក់ និងគ្រោះថ្នាក់ដល់អ្នកដទៃទៀតដែលបានពិសារស្រារបស់គាត់។

បន្ថែមពីនេះ​ លោក កន សុកកាយ អភិបាលស្រុកល្វាឯម​ បានសង្កត់ធ្ងន់ថា​ ការស្លាប់របស់ពួកគាត់ជាបន្តបន្ទាប់នេះ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print