អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ថា៖ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ជាក់ស្ដែងក្នុងចំណោមករណីឆ្លងថ្មីៗ ចំនួន ៣,៤៨១នាក់នេះ មាន ៩៥១នាក់ ត្រូវបានរកឃើញនៅតាមពន្ធនាគារ។
បេីយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ២,៨៦៨នាក់ ក៏ទើបត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយផងដែរ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៧៩,៥០៤នាក់។
ក្រសួងសុខាភិបាលថៃ បន្តថា ក្រោយបូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីខាងលើ នាពេលនេះ ថៃបានកត់ត្រាករណីឆ្លងនៃជំងឺ COVID-19 នៅទូទាំងប្រទេសសរុបកើនដល់ ១២៣,០៦៦នាក់ ហើយករណីស្លាប់កើនដល់៧៣៥នាក់។
គួរជម្រាបថា គិតចាប់តាំងពីរលកឆ្លងរាតត្បាត COVID-19 លើកទី៣ ដែលមានសភាពធ្ងន់ធ្ងរជាងគេ បានចាប់ផ្តើមនៅក្នុងប្រទេសថៃ កាលពីដើមខែមេសា ករណីឆ្លងដល់ទៅ ៩៤,២០៣ករណី ត្រូវបានរកឃើញ ដោយក្នុងនោះ៥២,០៧៨នាក់ បានជាសះស្បើយឡើងវិញ៕ដោយ៖ស តារា