ខេត្តកំពង់ស្ពឺ,នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានសម្រេចបញ្ចប់តួនាទីលោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមក ក្រោយមន្រ្តីរូបនេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់ ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។ ក្នុងករណីនេះដែរ សូម្បីតែលោកអភិបាលខេត្តកំពង់ស្ពឺក៏បានសុំទោសចំពោះទង្វើរបស់មន្ត្រីខ្លួន បានប្រព្រឹត្តគ្មានសីលធម៌នោះ។
សូមបញ្ជាក់ជូនថា, ថ្មីៗនេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។
ក្រោយកើតហេតុ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួប និងផ្ដល់អំណោយមួយចំនួនជូនជាការលើកទឹកចិត្តឡើងវិញ។
មជ្ឈដ្ឋានមហាជនបានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ចប់តួនាទីភារកិច្ច លោក ឡាក់ ប៊ុនធីម អត្តលេខ ១៧៥០៥០០០៣០ លេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ពីនាយករងរដ្ឋបាលសាលាក្រុងច្បារមន មកជាមន្ត្រី នៃរដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕