ភ្នំពេញ៖ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រាប់ប្រជាពលរដ្ឋថា ” យន្តការការពារសុខភាពអាយុជីវិតបងប្អូនដ៏ស័ក្តិសិទ្ធិប៉ផុត គឺត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នានិឹងជៀសផុតពីជំងឺកូវីដ-១៩ ” ។
ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
លោកអភិបាលខណ្ឌបានថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើង
ប៉ុណ្ណោះនោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំងឺកូវីដ-១៩ គឺគ្មានសាច់ញាតិ បងប្អូនណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានតែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់ឱ្យក្រុមគ្រួសារ គឺគ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋរស់នៅត្រូវមានអនាម័យ អនុវត្តឱ្យខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុីអុីវ១យួរ ត្រីខ១យួរ និងថវិកាមួយចំនួន ផងដែរ៕
ដោយ៖ សណ្តោស