ប្រមុខដឹកនាំយោធាដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានឱ្យដឹងថាលោកស្រី អោងសាន ស៊ូជី មានសុខភាពល្អធម្មតា ហើយនឹងឡើងតុលាការក្នុងពេលខាងមុខ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងបទសម្ភាសន៍លើកដំបូង ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ មេទ័ព Min Aung Hlaing បាននិយាយពីស្ថានភាពសុខភាពរបស់លោកស្រី អោងសានស៊ូជី ដែលពេលនេះកំពុងជាប់ឃុំនៅឡើយទេ។
លោក Min Aung Hlaing បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Phoenix ដែលមានទីតាំងនៅទីក្រុងហុងកុងនាថ្ងៃទី២២ខែឧសភាថា«លោកស្រីអោងសាន ស៊ូជីមានសុខភាពល្អ ហើយនឹងត្រូវឡើងតុលាការក្នុងពេលខាងមុខ»។ នៅពេលដែលក្រុមអ្នកសារព័ត៌មាន សួរពីសមត្ថភាពដឹកនាំរបស់លោកស្រី ស៊ូជីចាប់តាំងពីឡើងកាន់តំណែងជាទីប្រឹក្សាជាតិរហូតដល់ពេលត្រូវយោធាចាប់ខ្លួននោះ លោក Min Aung Hlaing បានឆ្លើយយ៉ាងខ្លីថា «គាត់បានព្យាយាមធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន»។
តុលាការនឹងបើកសវនាការ កាត់ទោសលោកស្រីស៊ូជី នៅទីក្រុង Nay Pyi Daw នាថ្ងៃទី២៤ ខែឧសភា ក្រោយការពន្យារពេលជាច្រើនលើក ។ តាមព័ត៌មានពីក្រុមមេធាវី នេះជាលើកដំបូងដែលលោកស្រីស៊ូជី បង្ហាញខ្លួននៅក្នុងតុលាការចាប់តាំងពីពេលចាប់ខ្លួនមក។
ការកាត់ទោសនាពេលកន្លងមកគឺធ្វើឡើងតាម អនឡាញ ។ លោកស្រីស៊ូជី រងការចោទប្រកាន់ពីបទល្មើស៦ករណីផ្សេងគ្នា ក្នុងនោះមាន អំពើពុករលួយ បំពានច្បាប់ប្រឆាំងកូវីដ-១៩ …ហើយទោសធ្ងន់បំផុតគឺបំពានច្បាប់ការពារអាថ៌កំបាំងជាតិ៕
រូបភាព៖ AP