លួចដែកអេតចាយតម្លៃ៥០០០០ដុល្លារ​ទៅលក់​ ត្រូវម្ចាស់រាយការណ៍ទៅសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានសហការជាមួយកម្លាំងសមត្ថកិច្ច​នគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួច (ដែកអេតចាយតម្លៃចំនួន ៥០០០០ ដុល្លារអាមេរិក) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យឃាត់ខ្លួនមាន ឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ សម្ភារៈបាត់បង់មានដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ បានឱ្យជនសង្ស័យឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-6955 ផលិតឆ្នាំ២០០៦ សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-7550 ដឹកដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅខេត្តប៉ៃលិន ។ រហូតដល់វេលាម៉ោង០៧និង០០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ជនរងគ្រោះបានទូរស័ព្ទទៅសួរជនសង្ស័យ ក៏ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន រួចជនរងគ្រោះក៏បានឆែកមើលជីភីអេស ដែលបំពាក់ជាប់នៅរថយន្តម៉ាកខាងលើ បង្ហាញទីតាំងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល០១ម៉ោងក្រោយមកជនរងគ្រោះបានឆែកមើលជីភីអេសម្តងទៀត ឃើញនៅកន្លែងដដែល ។ លុះដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យបានទូរស័ព្ទប្រាប់ទៅឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ថា មានគេដាក់ថ្នាំយកអ៊ីវ៉ាន់អស់ហើយ រួចឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា បានប្រាប់ជនរងគ្រោះឱ្យបានដឹងរឿងខាងលើ ទើបជនរងគ្រោះដឹងថា ជីភីអេស ដែលដាក់ជាប់នឹងរថយន្តត្រូវបានជនសង្ស័យផ្តាច់ចោល ហើយជនរងគ្រោះក៏បានទូរស័ព្ទសួរបញ្ជាក់ទីតាំងជនសង្ស័យឱ្យបានច្បាស់ រួចជនសង្ស័យក៏បានប្រាប់ថា រូបគេ (ជនសង្ស័យ) កំពុងនៅលើផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ ។បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម​ នាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ដោយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print