ម៉ូតូសណ្ដោងរុឺម៉កបុករះរថយន្តទំនើប និងម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង ដឹកទឹកសុទ្ធ បុករះរថយន្ត និងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៩BT នៅជិតខ្លោងទ្វារវត្តដំបូកខ្ពស់ ស្ថិតក្នុងភូមិទំនប់ទឹក សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ 

​តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្ដោងរុឺម៉កដឹកទឹកសុទ្ធ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង ពណ៌ខ្មៅ កន្ទុយសណ្ដោងរុឺម៉ក ពណ៌ខៀវ មិនមានពាក់ស្លាកលេខ ដឹកទឹកសុទ្ធយកទៅឲ្យម៉ូយ​ ដោយបើកបរតែម្នាក់ឯង ធ្វើដំណើរចុះពីលើផ្លូវ២៧១ ចូលមកតាមក្លោងទ្វារវត្តដំបូកខ្ពស់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈពេលនោះក៏ស្រាប់តែម៉ូតូសណ្តោងរុឺម៉ក បែកកង់ក្រោយខាងស្តាំ រួចហើយរេចង្កូតជ្រុលទៅបុករថយន្តម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NCN-05 07 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត បម្រុងបត់ទៅជើងឡើងផ្លូវ២៧១ ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ រួចហើយរុឺម៉កជ្រុលបន្តទៅបុកម៉ូតូម៉ាក Honda copy 2021 មួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IG-8455 ទុកចោលនៅចិញ្ចើមផ្លូវ៦៩BT ពេញទំហឹង បណ្ដាលឲ្យម៉ូតូម៉ាក Honda copy រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចឲ្យភាគីទាំងសងខាងសម្រប់សម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តម៉ាក Lexus GS300 ខ្ជិលវែងឆ្ងាយច្រើន ក៏បានបើករថយន្តចេញយកទៅធ្វើខ្លួនឯង ដើម្បីបញ្ចប់រឿង។ ចំណែកឯ ម៉ូតូរងគ្រោះម៉ាក Honda copy មួយគ្រឿងទៀតវិញ ខាងរម៉កជាអ្នកបង្ក យល់ព្រមសងសំណងចេញថ្លៃខូចខាតទាំងអស់ ដើម្បីបញ្ជប់រឿងនៅនឹងកន្លែងតែម្តងផងដែរ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print