ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញអង្គុយស្លាប់នៅលើម៉ូតូសមត្ថកិច្ចអះអាងថា មូលហេតុស្រវឹងស្រាខ្យល់គរដែលបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងមុខសណ្ឋាគារ សុខាសៀមរាប(ផ្លូ៦០ម៉ែត) ស្ថិតក្នុងក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថដែលស្ថិតក្នុងហេតុការណ៍បានអោយដឹងថា៖ សពមានឈ្មោះ សម្បត្តិ មុន្នី ហៅ(ចិន)ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ មុនពេលកើតហេតុ ស្នាក់នៅភូមិអញ្ចាញ សង្កាត់ នគរធំ ក្រុង/ខេត្តសៀមរាប។
មន្ត្រីសមត្ថកិច្ចបន្តថា ជនរងគ្រោះអង្គុយស្លាប់លើម៉ូតូម៉ាក Zoomer X ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប1V ០៥៨៥។
មន្ត្រីបន្ថែមថា តាមការសាកសួរពីសាច់ញាតិ ជនរងគ្រោះអតីតជាអ្នករត់ម៉ូតូកង់៣ដឹកភ្ញៀវ លុះពេលជម្ងឺរាតត្បាតវាយលុកអត់មានភ្ញៀវដឹក ក៏ក្លាយទៅជាដើរផឹកស៊ីស្រវឹងខួប។ តាមការសាកសួរជនរងគ្រោះស្រវឹងស្រាឈប់ម៉ូតូដេកលើផ្លូវ ហើយត្រូវពលរដ្ឋឃើញហេតុការណ៍ នាំយកម៉ូតូទៅចតក្បែរផ្លូវ កន្លែងកើតហេតុអង្គុយនិងដេកលើម៉ូតូនៅទីនោះតែម្តង។
ឆ្លងកាត់ការពិនិត្យពីក្រុមសមតកិច្ចករណីនេះជនរងគ្រោះស្រវឹងខ្យល់គរស្លាប់ មិនពាក់ពន្ធ័នឹងបទល្មើសនោះឡើយ៕