ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបង្ហោះសារដ៏រំជួលចិត្តជាពន់ពេកអំពីដំណឹងនៃការទទួលមរណភាពរបស់ម្តាយរបស់លោក។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំ នេះពីអ្នកគាំទ្ររូបលោកផងដែរ។
សារដ៏ក្តុកក្តួលកាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ ដោយលោក ឆន សុវណ្ណរាជបានបញ្ជាក់ថា “ម៉ាក់ហត់ហើយ ម៉ាក់សម្រាកឲ្យបានសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយ ម៉ាក់សុខហើយ ម៉ាក់គេងឲ្យសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ។ ជាមួយគ្នានេះលោកក៏សូមអភ័យទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលលោកបានលុបចោលភ្លាមៗ ព្រោះក្នុងពេលនេះម្តាយរបស់លោកបានទទួលមរណភាពហើយដោយជំងឺលើសឈាម និងជំងឺគាំងបេះដូង។ សារនេះបានធ្វើឲ្យអ្នកគាំទ្រលោកក្តុកក្តួលរំជួលចិត្ត និងផ្ញើសាររំលែកទុក្ខជាហូរហែផ្ញើទៅកាន់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ។ សិល្បករជាតារាចម្រៀង ពិធីករ តារាសម្តែងជាច្រើនក៏បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ។
គួរបញ្ជាក់ដែរថា ម្តាយរបស់តារាចម្រៀងឆន សុវណ្ណរាជ មានជំងឺប្រចាំកាយជាយូរមកហើយ ហើយកន្លងទៅក៏ធ្លាប់បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ នេះគឺជាការបាត់បង់ម្តាយជាទីគោរពស្រលាញ់ ដែលកន្លងទៅលោកឆន សុវណ្ណរាជតែងបង្ហាញរូបភាពស្និទ្ធស្នាលជាមួយម្តាយជាហូរហែ រួមទាំងការជូនជាកាដូជាគ្រឿងអលង្ការមានតម្លៃទៅកាន់អ្នកមានគុណផងដែរ។ អ្នកគាំទ្រទាំងឡាយរបស់តារាចម្រៀងជួរមុខរូបនេះ សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ម្តាយជាទីស្រលាញ់របស់លោក ឆន សុវណ្ណារាជនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ម្តាយបង្កើតរបស់លោក បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕