តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បាននាំយកនូវថវិកា និងសម្ភារបរិក្ខាពេទ្យមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យដែលមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ប្រចាំការិយាល័យសុខាភិបាលស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល, រសៀលថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បាននាំយកនូវថវិកា និងសម្ភារបរិក្ខាពេទ្យមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យដែលមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ប្រចាំការិយាល័យសុខាភិបាលស្រុកពញាឮ មានដូចជា ឧបករណ៍តេស្តរហ័ស Panbio Covid-19 Ag Rapid Test Device, អាល់កុល, ម៉ាស់ N95, ស្រោមដៃ, របាំងមុខ, វ៉ែនតា, មួក, ស្រោមជើង និងខោអាវយកសំណាក សម្រាប់ចុះយកសំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមជម្រាបជូនថា ,ចាប់តាំងពីមានការប៉ះពាល់ធ្ងន់ធ្ងរនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តផ្សេងៗ និងនៅក្នុងស្រុកពញាឮសរុបប្រមាណជាង ៥ ពាន់នាក់ ត្រូវបានធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទេពប្រណម និងអាគារវប្បធម៌ស៊ុយសុផាន និងមួយចំនួនត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ។ ជាមួយគ្នានេះ ទីតាំងសាលាបឋមសិក្សាអដ្ឋរស្ស ស្ថិតក្នុងឃុំផ្សារដែក ដែលជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីត-១៩ កម្រិតស្រាល បច្ចុប្បន្នបាន និងកំពុងទទួលព្យាបាលអ្នកជម្ងឺចំនួន ៧២​ នាក់ (ជាសះស្បើយចំនួន ១៤ នាក់) ។
ដោយឃើញនូវកំណើននៃអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងស្រុកពញាឮ នៅតែបន្តមានការកើនឡើង និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ឲ្យបានឆាប់រហ័ស លោករដ្ឋមន្រ្តី បានចាត់ឲ្យលោកអភិបាលស្រុកពញាឮ រៀបចំគ្រូពេទ្យមួយក្រុមបន្ថែមទៀត ដែលសព្វថ្ងៃកំពុងបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកស្រាប់ ហើយមានការយល់ដឹងពីបញ្ហាកូវីត-១៩ ចុះយកសំណាកធ្វើតេស្តអ្នកពាក់ព័ន្ធទាំងអស់តាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ដែលកំពុងរីករាលដាលកាន់តែច្រើន ។ លោករដ្ឋមន្រ្តី នឹងធ្វើការឧបត្ថម្ភទាំងថវិកា និងសម្ភារបរិក្ខាពេទ្យជារៀងរាល់ខែ ដល់ក្រុមគ្រូពេទ្យដែលមានការយល់ដឹងពីបញ្ហាកូវីត-១៩ ប្រចាំស្រុកពញាឮ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print