ខេត្តស្ទឹងត្រែង៖ នាកិច្ចប្រជុំមួយ ក្នុងសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមរៀបចំ ចុះបញ្ជីដីបឹងធម្មជាតិទាំងអស់ ជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ក្នុងកិច្ចប្រជុំនោះដែ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សានូវអ្វី ដែលជាទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិជាតិ ឲ្យស្ថិតស្ថេរគង់វង្ស យូរអង្វែង ជៀសវៀងមានការបាត់បង់ ដោយការរំលោភបំពាន កាន់កាប់ដោយខុសច្បាប់ ពីសំណាក់ជនខិលខូច។ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ត្រូវពន្លឿន ចុះវាស់វែង និងបោះបង្គោលព្រំដី ចំណីបឹងធម្មជាតិ ត្រៀមចុះបញ្ជី ជាទ្រពសម្បតិ្តរដ្ឋ។
ជាមួយគ្នានេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោក ម៉ិញ ស៊ីចាយ បានថ្លែងថា កន្លងមក មន្ត្រីជំនាញសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះវាស់វែង កំណត់ព្រំផ្ទៃដីបឹង បានចំនួន ៥ កន្លែងហើយ និងបន្តនីតិវិធីស្នើសុំ ទៅកាន់គណៈកម្មការគ្រប់គ្រងដីរដ្ឋ ដើម្បីធ្វើការចុះបញ្ជី នឹងត្រៀមចុះបញ្ជី ទីតាំងបឹងដទៃបន្ថែមទៀត មានដូចជា បឹងគីឡូ៨ និងអាងទឹកទំនប់គីឡូ៩ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
បន្ថែមពីនេះ លោក ម៉ិញ ស៊ីចាយ ថ្លែងបន្តថា នៅក្នុងការវាស់វែងកំណត់ព្រំផ្ទៃដីបឹងធម្មជាតិនេះ ខាងមន្ត្រីជំនាញ ក៏កំពុងបន្តនីតិវិធី ក្នុងការវាស់វែងផ្ទៃដីបឹង ចំនួន ៣ផ្សេងទៀត ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ក្នុងនោះ មានបឹងរាលរំពេរិ៍តូច បានវាស់វែងរួចរាល់ហើយ។ នៅឡើយបឹងវាលរំពេរិ៍ធំ និងទំនប់អូរខ្លុង កំពុងបន្តនីតិវិធី និងវាស់វែង ដើម្បីបញ្ចប់ និងស្នើសុំ ទៅកាន់គណៈកម្មការ គ្រប់គ្រងដីរដ្ឋ ចុះក្នុងការបញ្ជី ជាទ្រព្យសម្បត្តិរដ្ឋ ៕ដោយ៖សហការី