ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកខណ:មានរថយន្តកុងតឺន័រមួយគ្រឿងបើកបរមិនប្រកាន់ស្តាំទៅបុករថយន្តធុនធំដឹកទំនិញមួយគ្រឿងទៀតបណ្តាលឱ្យរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលកំពុងរៀបចំលក់បាយពេញទំហឹង តែសំណាងល្អដោយគ្រាន់តែមានអ្នករងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤៨ នាទីព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៤និង១០៥ ស្ថិតក្នុងភូមិធ្លក ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អន សីុយុន មុខរបរលក់ដូរបាយម្ហូប រស់នៅភូមិឃុំកើតហេតុខាងលើដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ចំណែកផ្ទះនិងរបស់របរខូចខាតទាំងស្រុង។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័មួយគ្រឿង ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E ៥៧០៥ ធ្វើដំណើរពីកើតទៅលិចនៅលើផ្លូវជាតិលេខ១ដោយប្រើប្រាស់ល្បឿនលឿនរួចក៏ស្រាប់តែរេចង្កូចមកខាងស្តាំដៃបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហុិយ៉ាន់ដាយ (វេអង) ដឹកទំនិញពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A- ៧៤៣៩ដែលធ្វើដំណើរពីលិចទៅកើតបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។
ក្រោយមករថយន្តហីុយ៉ាន់ដាយដឹកទំនិញក៏បានរេចង្កូតទៅបុកចូលផ្ទះលក់បាយមួយកន្លែងបណ្ដាលឱ្យខ្ទេចអីវ៉ាន់លក់ដូរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេគឺគ្រាន់តែម្ចាស់ផ្ទះលក់បាយរងរបួសស្រាលប៉ុណ្ណោះ។
ចំណែករថយន្តកុងតឺន័រមិនទាន់អស់ល្បឿនបន្តទៅបុកតូបលក់ដូរមួយទៀតដែលគេទុកចោលខ្ទេចទើបរថយន្តអស់ល្បឿនឈប់តែម្ដង។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុអ្នកបើករថយន្តទាំង២គ្រឿងឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។
សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកបើករថយន្តកុងតឺន័រ មិនប្រកាន់ស្តាំទើប បុករថយន្តហុីយ៉ាន់ដាយដឹកទំនិញបង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះ៕
ដោយ៖ យឹម សុថាន