ភ្នំពេញ ៖ បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTOYOTA VELL FIRE ដែលកំពុងបេីកបត់ត្រឡប់ក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរភ្លើងស្តុបឃ្លាំងរថយន្តមែរសឺដែស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្តោងរុឺម៉ក បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង (ម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-0436 និងកន្ទុយរុឺម៉កសណ្តោង ពណ៌ខៀវ ) ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកTOYOTA VELL FIRE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7689 នៅឈប់លើចិញ្ចើមផ្លូវ៣០ម៉ែត្រ ហេីយក៏ស្រាប់តែបត់ត្រឡប់ក្រោយវិញ ទើបរូបគាត់អកហ្សឺចាប់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុករថយន្តស៊េរីទំនើបខាងលេីចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូតខាតយ៉ាងដំណំ ។ ចំណែកឯម៉ូតូសណ្ដោងរុឺម៉ករងការខូចខាតបន្តិចបន្តួច ហេីយរូបគាត់អ្នកបេីកបរក៏មិនរងរបួសដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្តោងរុឺម៉កទៅដាក់អែបខាងសិន និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តរងគ្រោះ សម្រេចចិត្តយល់ព្រមទទួលយកសំណងពីម្ចាស់ម៉ូតូសណ្ដោងរុឺម៉កចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ដោយ ៖ ភារ៉ា ដង្កោ