អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីលោក ម៉ៃខឺល រីយ៉ាន (Mike Ryan) អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់រដ្ឋមន្រ្តីសុខាភិបាល នៃបណ្ដាប្រទេសនានានៅទូទាំងពិភពលោក នៅថ្ងៃអង្គារនេះថា អង្គការមួយនេះកំពុងស្ថិតក្នុងហានិភ័យ និងឈានទៅរកភាពជាប់គាំង ដោយសារកង្វះខាតថវិកា ហើយវាកំពុងក្លាយជាឧបសគ្គរារាំង ដល់ការធ្វើប្រតិបត្ដិការ នាពេលបច្ចុប្បន្ននេះរួចទៅហើយ។
អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់រូបនេះ បានកត់សំគាល់អំពីការទទូចរបស់ WHO កាលពីខែកុម្ភៈ នូវទឹកប្រាក់ចំនួន ១.៩៦ពាន់លានដុល្លារអាមេរិក សម្រាប់ការឆ្លើយតបនឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅឆ្នាំ២០២១នេះ និងបានគូសបញ្ជាក់ប្រាប់សន្និបាតប្រចាំឆ្នាំថា៖ «កង្វះខាតថវិកាជាង ៧០ភាគរយពីមូលនិធិបានធ្វើឱ្យ WHO ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយគ្មានលទ្ធភាពអាចទ្រទ្រង់មុខងារស្នូល ជាអាទិភាពបន្ទាន់»។
បន្ថែមពីនេះ លោក Mike Ryan បានគូសបញ្ជាក់ថា៖ «ការផ្តល់មូលនិធិមិនគ្រប់គ្រាន់ និងការមិនបានចាត់ចែងមូលនិធិទុកជាមុន អាចធ្វើឱ្យកិច្ចការងាររបស់អង្គការ WHO ស្ថិតក្នុងស្ថានភាពជាប់គាំង ដោយមិនអាចផ្ដល់នូវការគាំទ្រ និងការបត់បែនដល់បណ្ដាប្រទេសនានា ហើយវាក៏កំពុងបង្កផលវិបាកដល់ការធ្វើប្រតិបត្តិការ នាពេលបច្ចុប្បន្ននេះរួចទៅហើយដែរ»៕ដោយ៖ស តារា
រូបថត៖AP