អន្តរជាតិ៖ យោងតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ អាជ្ញាធរ បានរកឃើញប្រជាជនអាមេរិកចំនួន ២៤,៣៩៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ; ចំណែកអ្នកជំងឺ ៦៣០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ទិន្នន័យគេហទំព័រ Worldometers បានបញ្ជាក់បន្ថែមថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៩៩,៦៨០ករណី ក្នុងនោះ៖ មានអ្នកស្លាប់សរុបចំនួន ៦០៧,៧២៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៧០១,៨៧៩នាក់។ ដោយឡែកសម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺមានជាង ៣៣២លាននាក់។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ សេតវិមាន បានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។
បច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែឧសភា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.០៧លាននាក់ (៥០.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៣២លាននាក់ (៤០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ស តារា
រូបភាព៖ឯកសារ នៅសហរដ្ឋអាមេរិក អំឡុងពេលកូវីដ