រថយន្តបើកសុខៗដាច់កង់ក្រោយខ្ទាតទៅប៉ះម៉ូតូបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកសុខៗ ស្រាប់តែដាច់កង់ក្រោយខ្ទាតរមៀលទៅត្រូវបុរសម្នាក់ដែលកំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខសាលារៀនពងទឹក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ បូ ចាន់នី អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ ដោយធ្វើដំណើរតាមម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរបញ្ច្រាសទិសគ្នា ពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យខ្ទាតទៅត្រូវជនរងគ្រោះដែលកំពុងតែជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print