ខេត្តរតនគិរី៖ ដោយសារខឹងប្តី ដើរផឹកស្រវឹងរាល់ថ្ងៃ ស្ត្រីជនជាតិចារ៉ាយ បានសម្រេចចិត្តយកថ្នាំបាញ់ស្មៅ មកបញ្ច្រកកូនតូចអាយុ ១ខែ ហើយបន្តយកខ្សែអង្រឹង ទៅរឹតកកូនដែលមានអាយុ ៣ឆ្នាំ ហើយបន្ទាប់មក ស្ត្រីជាម្តាយបានផឹកថ្នាំបាញ់ស្មៅ សម្លាប់ខ្លួនឯងជាចុងក្រោយ បណ្តាលឲ្យស្លាប់ រដូករណែលពេញផ្ទះ។
ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១និង២០ នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ស្ត្រីខឹងប្តីសម្លាប់កូន និងខ្លួនឯងនោះ ឈ្មោះ រម៉ាស់ ធៀល អាយុ ២៦ឆ្នាំ ជនជាតិចារ៉ាយ កូនបងទី១ មានឈ្មោះ រម៉ាស ធេត ភេទប្រុស អាយុ ៣ឆ្នាំ និងកូនទី២ ទើបបានអាយុ ១ខែ មានឈ្មោះ រម៉ាស លៀង ភេទស្រី អ្នកទាំង៣ បានស្លាប់បន្តបន្ទាប់គ្នា ក្រោយពីម្តាយបង្កើត យកថ្នាំបាញ់ស្មៅ បញ្ច្រក និងយកខ្សែអង្រឹងរឹតកសម្លាប់។