អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅតាមពន្ធនាគារ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដ៏ចង្អៀតសម្រាប់ប្រទេសអាស៊ានមួយនេះ ខណៈដែលអ្នកទោសខ្លះមិនមានសូម្បីតែ កន្លែងសម្រាប់គេងគ្រប់គ្រាន់ផង។
ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយបន្តថា មនុស្សជាង ២២,០០០នាក់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅក្នុងពន្ធនាគារ ជាកន្លែងដែលអ្នកទោសរស់នៅប្រជ្រៀតគ្នា ដែលពួកគេអាចរក្សាគម្លាតពីគ្នា បានតែចន្លោះកន្លះម៉ែត្រប៉ុណ្ណោះ។ ដូច្នេះហើយទើបពួកគេត្រូវបានណែនាំឱ្យពាក់ម៉ាស់ សូម្បីតែនៅពេលពួកគេគេង។
គួរបញ្ជាក់ថា ការផ្ទុះឡើងនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគាររបស់ប្រទេសថៃ បានកើនឡើងយ៉ាងគំហុកពីត្រឹម ១០ករណីដំបូងប៉ុណ្ណោះ ដែលត្រូវបានប្រកាសជាសាធារណៈកាលពីមួយខែមុន ហើយបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ បន្ទាប់ពីក្រុមសកម្មជនលេចធ្លោមួយចំនួន បានឆ្លងជំងឺនេះនៅពេលជាប់ឃុំក្នុងពន្ធនាគារ។
ដោយឡែកជុំវិញបញ្ហានេះដែរ អាជ្ញាធរថៃ បានរៀបចំផែនការ ដើម្បីផ្តល់ការដោះលែងឱ្យបានឆាប់ ដល់អ្នកទោសមួយចំនួន ដែលមានជំងឺមួយចំនួន និងបានប្រកាសផ្តល់មូលនិធិសម្រាប់ការធ្វើតេស្ត និងការថែទាំសុខភាពបន្ថែមទៀត នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះផងដែរ៕ដោយ៖ស តារា
រូបថត៖Reuters