ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូបំពានភ្លើងស្តុបជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបដែលកំពុងបើកឆ្លងកាត់ពេញទំហឹងឱ្យរងការខូចខាត សំណាងល្អប៉ះចំម្ចាស់រថយន្ត ចិត្តធម៌ មិនត្រឹមតែមិនទាមទារ សំណងនោះទេ គឺថែមទាំង អោយលុយខ្លួនឯងចំនួន៥០ដុល្លារ អោយទៅភាគីខាងមូតូទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង០៩យប់ ថ្ងែទី២៩ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧៩ ត្រង់ចំណុចនឹងស្តុបរតនៈស្រីម៉ៅ ទល់មុខនឹង ធនាគារ ABA ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសន្តិសុខ ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកម៊ែកស៉ឺដេសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BK-0303 បើកបរឆ្លងកាត់ភ្លើងស្តុបដោយសារតែសញ្ញាភ្លើងខៀវទើបរូបគាត់បន្តធ្វើដំណើរឆ្លងកាត់ មិនទាន់នឹងផុតផងក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ ស ពាក់ស្លាកលេខ 1FZ-1194 បើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចនឹងភ្លើងស្តុបឱ្យសញ្ញាពណ៌ក្រហមហើយបែជារូបគាត់មិនព្រមឈប់នៅទើបបើកទាំងបំពានក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបពេញទំហឹងបណ្ដាលឲ្យរថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរម៉ូតូបានរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូមកដាក់ អែបខាងផ្លូវដើម្បីឱ្យភាគគីទាំងពីសម្របសម្រួលគ្នា ក្រោយមកម្ចាស់រថយន្តស៊េរីទំនើបដែលជាមនុស្សចិត្តធម៌ផងនោះសុខចិត្តយករថយន្តដែលបានរងការខូចខាតទៅជួសជុលដោយខ្លួនឯង ហើយក៏បានយកលុយរបស់ខ្លួនចំនួន50$ ទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ជ្រោយពេជ្រ