ក្រុមសង្តេតការណ៍អំពើហិង្សានៅស៊ីរី ក៏ដូចជាក្រុមជនជាតិឃើដស៊ីរីបានបញ្ជាក់កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ថា ក្រុមរដ្ឋអិស្លាម IS បានប្រើប្រាស់ឧស្ម័នពុលវាយប្រហារប្រឆាំងទៅលើតំបន់ដែលកំពុងគ្រប់គ្រងដោយជនជាតិឃើដ ស្ថិតនៅភាគឦសានស៊ីរីកាលពីចុងខែមិថុនា ឆ្នាំ២០១៥។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលកំពុងសង្កេតការណ៍ទៅលើការវាយប្រហារនេះបញ្ជាក់ថា ក្រុមរដ្ឋអិស្លាម IS បានប្រើប្រាស់អាវុធជីវសាស្ត្រ វាយប្រហារប្រឆាំងទៅលើកងកម្លាំងជនជាតិឃើដ និងជនស៊ីវិល ដែលគោលដៅនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ។ អាវុធជីវសាស្ត្រនោះក៏ត្រូវបានគេប្រើប្រាស់នៅក្នុងការវាយប្រហារទៅលើទីតាំងគ្រប់គ្រងដោយក្រុមឃើដនៅក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃទី២១ ឬថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅផងដែរ។ កងកម្លាំងជនជាតិឃើដដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម IS ទាំងស្ថិតនៅលើទឹកដីស៊ីរី និងទាំងស្ថិតនៅលើទឹកដីអ៊ីរ៉ាក់។ ក្រុមរ៉ាឌីកាល់អាល់ត្រា បានដណ្តើមគ្រប់គ្រងដែនដីភាគច្រើនរបស់ស៊ីរី និងអ៊ីរ៉ាក់ ហើយប្រកាសចែកខណ្ឌព្រំដែនបង្កើតជារដ្ឋកាលីផេត ។ ក្រុមសកម្មប្រយុទ្ធ YPG ជនជាតិឃើដស៊ីរីបានបញ្ជាក់ថា ក្រុមរដ្ឋអិស្លាមបានបាញ់អាវុធជីវសាស្ត្រកាលពីថ្ងៃទី២៨ ខែមិថុនា វាយប្រហារមកកាន់ទីតាំងគ្រប់គ្រងដោយកងកម្លាំង YPG ស្ថិតនៅទីក្រុង ហាសាកា និងទីតាំងស្ថិតនៅភាគខាងត្បូងទីក្រុង តេល ប្រាក រៀងរហូតទៅកាន់ភាគខាងជើងទីក្រុង ហាសាកា។ អ្នកនាំពាក្យរបស់ក្រុមYPG លោក Redur Xelil បានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលក្រុមរដ្ឋអិស្លាមប្រើប្រាស់អាវុធធុននេះវាយប្រហារមកលើកងកម្លាំង YPG ។ លោកបន្តថា ការប្រើប្រាស់អាវុធជីវសាស្ត្រក្នុងការវាយប្រហារនេះនៅមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេ ។ គ្មានសកម្មប្រយុទ្ធណាម្នាក់បាត់បង់ជីវិតដោយសារតែឧស្ម័ននេះឡើយ ពីព្រោះមានការបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។ សេតវិមានបានបញ្ជាក់ដែរថា ខ្លួនបានដឹងពីសេចក្តីរាយការណ៍ការប្រើប្រាស់អាវុធជីវសាស្ត្រនេះហើយ ប៉ុន្តែនៅពេលនេះ កំពុងស្ថិតក្រោមការស្វះស្វែងរកព័ត៌មានបន្ថែមទៀត។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Alistair Baskey បានថ្លែងថា «យើងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហានេះ»។ ក្រុមសកម្មប្រយុទ្ធ YPG ជាកម្លាំងសំខាន់ និងជាដៃគូដ៏ល្អរបស់សម្ពន្ធមិត្តដឹកនាំដោយអាមេរិកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងក្រុមរដ្ឋអិស្លាម ។ ដោយមានការគាំទ្រពីដែនអាកាសរបស់សម្ពន្ធមិត្តដឹកនាំដោយអាមេរិក ក្រុមសកម្មប្រយុទ្ធ YPG នៅក្នុងឆ្នាំនេះបានដណ្តើមគ្រប់គ្រងវិញនូវតំបន់ភាគច្រើនស្ថិតនៅភាគខាងជើងស៊ីរី ពីការគ្រប់គ្រងរបស់ក្រុមឧទ្ទាមរដ្ឋអិស្លាម។ ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅអង់គ្លេសបានថ្កោលទោសចំពោះការប្រើប្រាស់ឧស្ម័នពុលវាយប្រហាររបស់ក្រុមរដ្ឋអិស្លាមទៅលើភូមិឋានក្បែរតំបន់ តេល ប្រាក់កាលពីថ្ងៃទី២០ ខែមិថុនានោះផងដែរ ។ ប្រភពបានអះអាងថា ក្រុមសកម្មប្រយុទ្ធ YPG ១២នាក់បានពុលឧស្ម័ននេះ។ ជាមួយគ្នានេះ ក្រុមសង្កេតការក៏បានអះអាងដែរថា ខ្លួនទទួលបានព័ត៌មានស្តីពីការវាយប្រហារដោយប្រើប្រាស់អាវុធជីវសាស្ត្រធុននេះនៅជិតទីក្រុងហាសាកាផងដែរ ប៉ុន្តែមិនបានលាតត្រដាងព័ត៌មានលម្អិតនោះទេ៕