សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ, នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកស្រី Wendy R. Sherman បានជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ ឯកឧត្តមប្រធានាធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីក៏បានបន្ថែមថា នេះគឺជាបំណងរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកស្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចុះចតដោយសារបញ្ហាជំងឺកូវីដ១៩នោះ។ លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកជំទាវបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះគឺមានការចុះថយនៃការរីករាយកណ្ដាលឆ្លងជម្ងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកស្រីផងដែរ ក្នុងឱកាសដែលលោកជំទាវ Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះជាពិសេសអ្វីដែលលោកជំទាវបានលើកឡើង ដូចជាការដោះស្រាយបំណុល សម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖

ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីឡើងវិញបន្តិចម្ដងៗ
ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និង
ទី៣) បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លើសពីនេះទៅទៀតសម្ដេចតេជោក៏សូមស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

ជាការឆ្លើយតប លោកស្រី ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនលោកប្រធានាធិបតី Joe Biden ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print