ភ្នំពេញ ៖ ជីវិតមនុស្សយេីងម្នាក់ៗមិនមែនមានលក់ដូរនៅក្នុងទីផ្សារ ឬទីណាបាននោះទេ..! ដូច្នេះហេីយពេលបេីកបរត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះមួយប៉ព្រិចភ្នេកជីវិតយេីងអាចអស់ ឬរងរបួសធ្ងន់ស្រាល ។ ជាក់ស្ដែងមានបុរសម្នាក់បានបែកខ្លួនជាពីរកំណាត់និងធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងវាជែងមិនប្រយ័ត្នប៉ះដៃចង្កូតជាមួយកង់បីបណ្ដាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កាលពីវេលាម៉ោង ០៩ និង ៤០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកFUSO សណ្ដោងទូកុងតឺន័រ ក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3F-0141ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខ កោះកុង1A-0671ធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានវ៉ាជែងម៉ូតូកង់បីមួយគ្រឿងមិនប្រយ័ត្នបណ្ដាលឱ្យប៉ះដៃចង្កូតដួលខ្ទាតចូលកង់រថយន្តកុងតឺន័រខាងក្រោយខាងស្ដាំបែកខ្លួនជាពីរកំណាត់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។ ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលក៏ទុករថយន្តចោលរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ និងស្វែងរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ