ខេត្តកណ្ដាល: ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិវៀតណាម-ចិនចំនួន៦នាក់ ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២៨ ខែឧសភា.ឆ្នាំ២០២១នោះ.ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនដល់តុលាការហើយ ដោយសារតែស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជាម្ចាស់ករណីក្នុងការបើកស៊ើបអង្កេតរកឃើញមុន ទើបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនក្រុមឧក្រិដ្ឋជនទាំង៦នាក់នោះ មកឲ្យកម្លាំងនគរបាលខេត្តកណ្ដាលកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ផងដែរថា ដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការស៊ើបអង្កេតដឹងថា ក្រុមឧក្រិដ្ឋជនទាំង៦នាក់ខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង១០៤គ.ក្រ ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ព្រមទាំងមានការចូលរួមពីកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត-ស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណី កែច្នៃ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន៦គោលដៅនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន៦នាក់ (ជនជាតិចិន៥នាក់ និងវៀតណាម១នាក់) រួមមាន៖ ១៖ ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម,២៖ ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន,៣៖ ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន,, ៤៖ ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា, ៥៖ ឈ្មោះ CHEN SHEN TANG ភេទប្រុស ជនជាតិចិន, ៦៖ ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។ ចំណែកវត្ថុតាងរួមមាន ៖១-សារធាតុញៀន សរុបទម្ងន់ ៩៤៧៩៣,៨៤ក្រាម (៩៤គីឡូ និង ៧៩៣,៨៤ក្រាម)
២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម)
៣-កាំភ្លើងខ្លី ចំនួន០២ដើម
៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម
៥-រថយន្ត ចំនួន០៣គ្រឿង
៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៥គ្រឿង
៧-ទូរស័ព្ទចំនួន ១២គ្រឿង
៨-ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ៕
ដោយ, ស្អាង ជ័យ