ភ្នំពេញ៖ បើយោងតាមប្រភពពី បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទបន្តខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះដែរបេឡាជាតិសន្តិសុខសង្គម គ្រាន់តែក្នុងខែឧសភា ឆ្នាំ២០២១នេះ បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស.។
សូមបញ្ជាក់ថា៖ បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕
សូមបញ្ជាក់ផងដែរថា , ខណ:ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ហើយ បានទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម,ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដែលមកទល់ពេលនេះចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ)សរុបមាន ២,៦៤៨,៨៥៩ នាក់ហើយ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ៕
ដោយ, សុខ ខេមរា