អន្តរជាតិ៖ អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃពុធទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសស្តីពីការរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥៣នាក់បន្ថែមទៀត ខណៈករណីជំងឺដ៏កាចសាហាវមួយនេះ នូវតែបន្តរាតត្បាតទូទាំងប្រទេសនេះ។ ជាក់ស្ដែងករណីឆ្លងថ្មីខាងលេីនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងហាណូយ និងខេត្តបាក់យ៉ាង និងខេត្តបាក់និញ ដែលនៅជាប់គ្នា។
អាជ្ញាធរវៀតណាម បានបញ្ជាក់បន្ថែមថា ចំពោះខេត្តបាក់យ៉ាង ដែលជាមជ្ឈមណ្ឌលផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ មានអ្នកឆ្លងថ្មីចំនួន៤៨នាក់។
សូមជម្រាបថា ប្រទេសវៀតណាម កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួនសរុប២៥០នាក់ បន្ទាប់ពីអ្នកឆ្លង៨៩នាក់ទៀត ត្រូវបានប្រកាសនៅពេលល្ងាច រួមមាននៅក្រុងហាណូយ និងហូជីមិញ។ បន្ថែមពីនេះ វៀតណាម ករណីឆ្លងកូវីដរលកថ្មី គិតត្រឹមរយៈពេល៥សប្តាហ៍មកនេះ មានអ្នកឆ្លងក្នុងស្រុកថ្មីសរុប៤.៥៤៩នាក់នៅ៣៧ខេត្តក្រុង។ ចំណែកខេត្តបាក់យ៉ាង មានអ្នកឆ្លងច្រើនជាងគេ គឺ២.៤២៤នាក់ ,ខេត្តបាក់និញ ៨៧៩នាក់ ,បន្ទាប់មកក្រុងហាណូយ ៤១៦នាក់ និងក្រុងហូជីមិញ២២៧នាក់។
គួរបញ្ជាក់ថា វៀតណាម គិតចាប់តាំងពីជំងឺឆ្លងកូវីដ-១៩ មានវត្តមានតាំងពីឆ្នាំមុន ប្រទេសមួយនេះ បានរកឃើញអ្នកឆ្លងសរុបក្នុងស្រុកចំនួន៦.១១៨នាក់ និងនាំចូលមកពីក្រៅប្រទេស ១.៥០៧នាក់៕ដោយ៖ស តារា