លោក Oliver Kahn ពីអតីតអ្នកចាំទីក្លាយជានាយកប្រតិបត្តិនៅក្លិប Bayern Munich

ចែករំលែក៖

លោក Karl-Heinz Rummenigge នាយកប្រតិបត្តិរបស់ក្លិប Bayern Munich បានចូលនិវត្តន៍ពីក្លិបនេះក្នុងរយៈពេល៦ខែមុនការរំពឹងទុក ហើយនឹងត្រូវបានជំនួសដោយអតីតអ្នកចាំទីឆ្នើមលោក Oliver Kahn ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារលោក Rummenigge បានធ្វើសំណើសុំលាឈប់ពីមុខតំណែងរបស់លោក ហើយមិនមែនថ្ងៃទី៣១ ខែធ្នូដូចការគ្រោងទុកទេ។

បុរសវ័យ៦៥ឆ្នាំរូបនេះបាននិយាយថា “វាគឺជាពេលវេលាដែលមានលក្ខណៈយុទ្ធសាស្ត្រ និងសមហេតុផលបំផុត។ យើងកំពុងឈានដល់ដំណាច់ឆ្នាំហិរញ្ញវត្ថុហើយនៅពេលដំណាលគ្នាដំណាក់កាលថ្មីកំពុងចាប់ផ្តើមជាមួយក្រុមគ្រូបង្វឹកថ្មី។ រដូវកាលថ្មីគួរតែជាការទទួលខុសត្រូវរបស់ Oliver Kahn ក្នុងនាមជានាយកប្រតិបត្តិថ្មីតាំងពីដំបូង”។

ក្លិប Bayern Munich នឹងចាប់ផ្តើមរដូវកាលថ្មីនេះជាមួយលោក Julian Nagelsmann អតីតគ្រូបង្វឹក Leipzig ទទួលបន្ទុកក្រុមបន្ត។ លោក Nagelsmann កំពុងកាន់កាប់តំណែងពីលោក Hansi Flick ដែលបានចាកចេញបន្ទាប់ពីដឹកនាំក្រុម Bayern Munich ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga និងអាចដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់បន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ។

លោក Rummenigge នឹងបន្តតំណែងនៅក្នុងបាល់ទាត់អឺរ៉ុបក្នុងរយៈពេល៣ឆ្នាំខាងមុខ។ គាត់រក្សាកៅអីរបស់គាត់នៅគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ដែលគាត់បានកាន់ដំណែងកាលពីខែមេសានៅពេលដែលគាត់បានជំនួសប្រធានក្លិប Juventus លោក Andrea Agnelli ដែលបានលាឈប់ពីតំណែងនៅពេលមានភាពច្របូកច្របល់នៃផែនការ Super League ។

ចាប់តាំងពីបានក្លាយជានាយកប្រតិបត្តិក្នុងឆ្នាំ២០០២មកលោក Rummenigge បានជួយក្លិប បង្កើនចំណូលពី១៧៦លានអឺរ៉ូ (២១៥លានដុល្លារ) ដល់៦៧៩លានអឺរ៉ូ (៨៣០លានដុល្លារ) ។ ក្រុមហ៊ុនមានកំណត់ជាសាធារណៈនៅពីក្រោយក្លិប Bayern Munich បានប្រកាសប្រាក់ចំណេញនៅរៀងរាល់ឆ្នាំហិរញ្ញវត្ថុក្នុងកំឡុងពេលដែលជួយកសាងទុនបំរុងដែលកម្រឃើញនៅក្នុងបាល់ទាត់អឺរ៉ុបដែលជំពាក់បំណុលគេ។

ក្រុម Bayern Munich បានឈ្នះពានរង្វាន់ Champions League ចំនួន២ដង (ក្នុងឆ្នាំ២០១៣ និង២០២០) ក៏ដូចជាពានរង្វាន់ Bundesliga ចំនួន១៤លើក និងពានរង្វាន់ German Cup ចំនួន១០ដង ខណៈដែលលោក Rummenigge ជានាយកប្រតិបត្តិ។  លោក Oliver Kahn វ័យ៥១ឆ្នាំត្រូវបានប្រគល់ឲ្យធានាថានឹងទទួលបានជោគជ័យ។ គាត់បានចូលរួមក្នុងក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Bayern Munich ក្នុងឆ្នាំ២០១៩ ដោយមានបំណងចង់ក្លាយជានាយកប្រតិបត្តិនៅឆ្នាំ២០២២ ប៉ុន្តែឥឡូវនេះនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដា។  លោក Oliver Kahn បាននិយាយថា “ក្នុងរយៈពេល១៨ខែកន្លងមកនេះខ្ញុំបានស្គាល់ពីគ្រប់ផ្នែកទាំងអស់របស់ក្លិប ហើយដឹងច្បាស់ពីរបៀបដែល Bayern Munich ដំណើរការហើយតើមានបញ្ហាប្រឈមអ្វីខ្លះនៅខាងមុខ”។  គួររំលឹកថា អតីតកីឡាករ Oliver Kahn បានចូលរួមជាមួយក្លិប Bayern Munich ពីក្លិប Karlsruher SC កាលពីឆ្នាំ១៩៩៤ និងបានបន្តឈ្នះពានរង្វាន់ Bundesliga ចំនួន៨ដង, ពានរង្វាន់ German Cups ចំនួន៦ដង និង Champions League ក្នុងឆ្នាំ២០០១។ គាត់បានបង្ហាញខ្លួនចំនួន៨៦លើកឱ្យប្រទេសអាឡឺម៉ង់ដោយឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ១៩៩៦ និងបង្ហាញខ្លួនសម្រាប់ការប្រកួតជើងឯកពិភពលោកនៅឆ្នាំ២០០២ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print