ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានដឹកនាំក្រុមការងារនិងអាជ្ញាធរស្រុកចុះពិនិត្យ
នៅហាងផឹកស៊ីខារ៉ាអូខេមួយកន្លែងយីហោ ម៉ាយហ្វេវ័ររីត និងបានឃាត់ខ្លួនស្ត្រីបម្រើការងារក្នុងហាងជាច្រើននាក់ដើម្បីយកទៅវិភាគសំណាកនិងធ្វើចត្តាឡីស័កនៅក្នុងហាងចំនួន១៤ថ្ងៃ ។
ការចុះត្រួតពិនិត្យហាង ម៉ាយហ្វេវ័ររីត នេះធ្វើឡើងនៅយប់ថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ ដោយមានការចូលរួមពីលោកម៉ែន សារ៉ាន់ អភិបាលស្រុក លោកអធិការនគរបាលស្រុកនិងសមត្ថកិច្ចដែលពាក់ព័ន្ធនៅចំណុចភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។
ពាក់ពន្ធ័ករណីខាងលើនេះលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ហាងផឹកស៊ីខារ៉ាអូខេ យីហោ ម៉ាយហ្វេវ័ររីតបានបើកធ្វើអាជីវកម្មដោយទទួលភ្ញៀឱ្យចូលផឹកស៊ី អង្គុយជាប់គ្នា ទើបបានក្រុមការងារចុះមកពិនិត្យនាពេលនេះក៏ប៉ុន្តែមិនបានបិទអាជីវកម្មទេ ហើយក៏មិនបានផាកពិន័យអ្វីដែរ ដោយគ្រាន់តែឃាត់អប់រំ ហើយឱ្យបើកអាជីវកម្ម ជាធម្មតា ប៉ុន្តែអនុញ្ញាតឱ្យម្ចាស់ហាង នេះលក់ដូរបានត្រឹមតែម្ហូប វេចខ្ចប់ប៉ុណ្ណោះ មិនអនុអនុញ្ញាតឱ្យបើកទទួលភ្ញៀវចូលផឹកស៊ីក្នុងហាងបន្តទៀតនោះទេ។
លោកបានបន្ថែមថា ចំពោះម្ចាស់ហាងនិងស្ត្រីបម្រើការងារក្នុងហាងចំនួន១៧នាក់បានឲ្យធ្វើចត្តាឡីស័កនៅនឹងកន្លែងក្នុងហាងចំនួន១៤ថ្ងៃរង់ចាំលទ្ធផលយកទៅវិភាគសំណាកធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទៅសហគមន៍និងដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់រាជរដ្ឋាភិបាល«០៣កុំ ០៣ការពារ»ឲ្យមានប្រសិទ្ធភាព៕
ដោយ៖ យឹម សុថាន