ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិប្រទះឃើញបុរសម្នាក់ធ្លាក់ពីលើរបងនិងរាយការណ៏មកសមត្ថកិច្ចជួយសង្គ្រោះអកុសលយឺតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិចេក ឃុំសំរោងស្រុកចន្ទ្រា។
សមត្ថកិច្ចនគរបាលរដ្ឋបាលសំរោង បានអោយដឹងថាបុរសខាងលើមានឈ្មោះឈ្មោះ យូ គឿន អាយុ៥២ សញ្ជាតិវៀតណាម មានទីលំនៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ថាកាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ៨និង១៥នាទី មានគេ បានរាយការណ៍តាមរយៈទូរស័ព្ទមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ថាមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានផ្លោះរបងមកពីកាសុីណូសៀងហៃកម្ពស់ប្រហែល ០៣ ម៉ែត្រ ចេញមកក្រៅ តាមផ្ទះអ្នកភូមិហើយបានដេកដួលនៅអៀបរបងខាងក្រោយផ្ទះ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ទៅដល់កន្លែងកើតហេតុ ឃើញបុរសដែលមិនស្គាល់អត្តសញ្ញាណនោះ បានដេកសន្លប់ហើយ គោលបំណងយកមកមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ តែពេលអូសមកខាងមុខផ្ទះ បុរសដែលមិនស្គាល់អត្តសញ្ញាណនោះ ក៏បានស្លាប់តែម្តង។
សមត្ថកិច្ចបន្តថា ក្រោយពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពទួលស្តី បានធ្វើការត្រួតពិនិត្យរួចមក នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ និងមានជាតិស្រវឹង គឺស្លាប់ដោយសារធ្លាក់ពីលើរបង ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅវត្តបទុមរង្សី ហៅវត្តចេក ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ យឹម សុថាន