អាជ្ញាធរ​ខណ្ឌមានជ័យ​ រោងចក្រ​ចំនួន​១៧​ក្នុងមូលដ្ឋាន​ ត្រូវ​បានរកឃើញ​មានករណីឆ្លង​ជំងឺ​កូ​វីដ-​១៩

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមការបញ្ជាក់ពី​លោក​ ពេជ្រ កែវ​មុនី​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ បានថ្លែង​ប្រាប់នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា៖​ ករណី​ឆ្លង​រាលដាលនៃ​ជំងឺកូ​វីដ-​១៩ គិត​រហូតមក​ដល់ពេលនេះ នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​សរុប​ដែល​ស្ថិតក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ មានការកើន​ឡើងដល់​ចំនួន ១៧​រោងចក្រ​ហើយ​ ខណៈ​ដែល​​កម្មករ​និយោជិត​ជាប់ពាក់ព័ន្ធ​និង​ប្រយោល​សរុប​ប្រមាណ​ជាង ៥០០​នាក់​។

​លោក​ ពេជ្រ កែវ​មុនី​ ថ្លែង​បន្ថែម​ទៀត​ថា​ ​គិត​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣១ ខែឧសភាកន្លងមក អាជ្ញាធរ​ខណ្ឌ សហការ​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រោងចក្រ​ចំនួន​៧​រួចហើយ​បន្ទាប់ពី​រកឃើញ ករណី​ឆ្លង​កូ​វីដ​១៩​របស់​កម្មករនិយោជិត​។ ចំណែក​​រោងចក្រ​ចំនួន​១០​ផ្សេងទៀត ដែល​រកឃើញ​ជា​បន្តបន្ទាប់​នេះ ភាគច្រើន​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ និង​ស្ទឹងមានជ័យ​៣​។

លោកអភិបាល​ខណ្ឌ​ ​បន្តថា បច្ចុប្បន្ននេះ​ចំពោះ​បងប្អូន​កម្មករនិយោជិត ដែល​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ និង​នៅតាម​មន្ទីរ​រដ្ឋ​និង​ឯកជន​ផ្សេងទៀត​។ ចំណែក​អ្នកដទៃ​ផ្សេងទៀត​ដែល​សង្ស័យ ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ គឺតម្រូវ​ឲ្យ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក (​នៅ​ដាច់ដោយឡែក​) ដើម្បី​តាមដាន​សុខភាព​បន្តទៀត ចៀសវាង​ការកើតមាន ឬ​ឆ្លង​រាលដាល​ត​ទៀ​តទៅ​អ្នកដទៃ​។​

​ដោយឡែក​ពាក់ព័ន្ធ​ ​និង​រោងចក្រ​បិទ​បណ្តោះអាសន្ន និង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ ក្នុងករណី​ប្រសិនបើ​រោងចក្រ​ណា មិន​ចូលរួម​អនុវត្ត​ឬ​គោរព​តាម​គោល​ការ​វិធានការ សុខាភិបាល ដែល​នាំ​ឲ្យ​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ​១៩​ឡើងវិញ លោក​អភិបាល​ បានគូសបញ្ជាក់ថា រោងចក្រ​ទាំងនោះ​នឹង​ឈានទៅដល់​ការព្រមាន​ឬ​ការដក​អាជ្ញារ​ប័ណ្ណ​ប្រសិនបើ​ការ អនុវត្ត​ផ្ទុយទៅនឹង​ការណែនាំ។ ប៉ុន្តែ​ភាគច្រើន​កន្លងមក​ក្រោយពី​មានការ​ណែនាំ​ពី ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​គាត់​បាន​អនុវត្ត​ជាប់​ជាប្រចាំ​បន្ទាប់មក យើង​មានការ​ណែនាំ​បន្ថែម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏មាន​ការអនុវត្ត​ល្អប្រសើរ​។​

​បន្ថែមពីនេះ លោក​ ពេជ្រ​ កែវមុន្នី​ ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករ​ទូទាំង ប្រទេស​ទាំងអស់​កំពុង​បំពេញការងារ​ក៏ដូចជា​ការ​ស្នាក់នៅ​គឺ​សូម​ឲ្យ​អនុវត្ត​ឲ្យ​បាន ចំពោះ​ប្រសាសន៍​ដឹកនាំ​ដែល​បានដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ” ៣​កុំ ៣​ការពារ” និង​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​បន្ថែមទៀត​ពី​អាជ្ញា​ធរមាន សមត្ថកិច្ច​គ្រប់ផ្នែក​គ្រប់​ថ្នាក់​ទាំងអស់​ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ឬ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩​នេះ​ចូលក្នុង​គ្រួសារ​របស់គាត់ និង​សហគមន៍​ទាំងមូល​ដែល​គាត់​នៅ​នេះ​។​

​គួរបញ្ជាក់ថា រោងចក្រ​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​ករណីឆ្លងកូ​វីដ​-១៩ ដែលមាន​សិទ្ធិ​បើកដំណើរការ​អាជីវកម្ម​វិញ ​បន្ទាប់ពី​ផ្អាក​បណ្តោះអាសន្ន​រយៈពេល ០២​ថ្ងៃ​ដោយសារ ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ត្រូវ​រងចាំ​ការត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​ របស់អាជ្ញាធរ​ដែនដី និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​រោងចក្រ ផ្ទាល់​សិន ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ការធម្មតា​វិញ​បាន​។

ដោយឡែកបច្ចុប្បន្ន​ គិត​មកទល់​ពេលនេះ រោងចក្រ និងសហគ្រាស​ ស្ថិតក្នុង​ខណ្ឌមានជ័យ​ ស​រុ​បមាន​ចំនួន​ជាង ១០០​រោងចក្រ និង​មាន​កម្មករនិយោជិត​សរុប​ចំនួន​ប្រមាណ​ជាង ៧​ម៉ឺន​នាក់​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print