ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្ស ២នាក់ដែលត្រូវជាឪពុកនិងកូន បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅចំណុចស្រះទឹកខាងក្រោយរោងចក្រត្រីប៉ុស្តិ៍ ស្ថិតក្នុងភូមិព្រៃពិស ឃុំឈូក.ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ខណៈកូនប្រុសដឹកគោឱ្យទៅចុះផឹកទឹកស្រះ ក៏ស្រាប់តែរអិលធ្លាក់ចូលទៅក្នុងស្រះ។
បើយោងតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះ ទី១,មានឈ្មោះ សុខ គ្រីយ៉ា អាយុ៣៩ឆ្នាំ (ឪពុក) និងទី២,ឈ្មោះ គ្រីយ៉ា មូសា អាយុ១៦ឆ្នាំ (ត្រូវជាកូនប្រុស)ទាំង២នាក់មានទីលំនៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
មន្រ្តីដដែល បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានយកគោទៅឱ្យផឹកទឹកស្រះ ខណៈពេលនោះកូនប្រុស (ជនរងគ្រោះ) បានដឹកគោឱ្យទៅចុះផឹកទឹកស្រះ ក៏ស្រាប់តែរអិលធ្លាក់ចូលទៅក្នុងស្រះ បណ្ដាលឲ្យលង់តែម្តង ដោយឃើញដូច្នោះ ឪពុក (ជនរងគ្រោះ) ក៏ហក់លោតចុះទៅជួយសង្គ្រោះកូនប្រុស ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ក៏បានបណ្ដាលឲ្យលង់ទឹកស្លាប់ទាំង២ នាក់តែម្តង។ បន្ទាប់ពីកើតហេតុ ដោយសារតែក្រុមគ្រួសារបាត់ដំណឹងយូរពេក ក៏នាំគ្នាទៅមើល ប៉ុន្តែឃើញតែ ស្បែកជើងនៅមាត់ស្រះ និងសត្វគោឈរនៅកន្លែងកើតហេតុប៉ុណ្ណោះ ដោយមានការសង្ស័យក៏នាំគ្នាចុះរាវរកមើល ទើបប្រទះឃើញជនរងគ្រោះស្លាប់ទាំង២នាក់ឪពុកនិងកូននៅក្នុងទឹកស្រះបាត់ទៅហើយ ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះទាំង២នាក់ រួចបានសន្ឋិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី
រូបភាព៖ ប្រជាពលរដ្ឋកំពុងនាំគ្នារាវទឹកស្រះរកសាកសពជនរងគ្រោះ