Apple បានធ្វើការផ្លាស់ប្ដូរមុខងារមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា, សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។

ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរការបញ្ចេញសំឡេងឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពី AirTag មិននៅជិតទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេលបីថ្ងៃ មកនៅត្រឹមតែពី ៨ទៅ ២៤ម៉ោងវិញ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានប្រកាសថា ពួកគេនឹងដាក់ឱ្យប្រើប្រាស់កម្មវិធី ដែលនឹងធ្វើការក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបច្ចុប្បន្ន កម្មវិធីនេះមានសម្រាប់តែទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ថ្មីបំផុតនោះ។

ទោះបីជាការផ្លាស់ប្ដូរនេះអាចជួយកាត់បន្ថយ ការប្រើប្រាស់ AirTag សម្រាប់ការតាមដានក្ដី ប៉ុន្តែជនខិលខូចអាចនៅតែបន្តប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់ ដោយសារតែការកំណត់យករយៈពេលពី ៨ទៅ ២៤ម៉ោង វានៅតែមានរយៈពេលយូរនៅឡើយសម្រាប់ការតាមដាន។

ដូច្នេះដើម្បីចៀសវាងពីការតាមដានណាមួយនោះ ប្រសិនបើលោកអ្នករកឃើញ AirTag ដែលមិនមែនជារបស់លោកអ្នកនោះ លោកអ្នកគួរតែយកថ្មចេញ ដើម្បីបញ្ឈប់ការតាមដានទាំងស្រុង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print