ភ្នំពេញ,លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា, 1. បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតាក្នុងមួយគម្រោង) ចំនួន ១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជាក្នុងនោះមានដូចជានៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែប ដែនជម្រកសត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញកណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែន
ជម្រកសត្វព្រៃតាតៃ និងពាមក្រសោបជាដើម។ ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍។
2. គម្រោងវនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាពនិងព្រៃឈើ និងសត្វព្រៃជាដើម។ គម្រោងមួយចំនួនបាននិងកំពុងដំណើរការ និងមួយចំនួនទៀតបាននិងកំពុងរៀបចំនីតិវិធីនៃការធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំប្លង់
មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើតតំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់
គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ បាននិងកំពុង
តែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។
3. ការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះគឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិ
ថ្មីៗបន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្ត ស្វែង
យល់ពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ទេសចរណ៍ធម្មជាតិក៏ជាផ្នែក
មួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យ ស្រឡាញ់ និងចូល
រួមការពារធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ។
4. ការជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺដើម្បីជំរុញការចូលរួមក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហ គមន៍មូលដ្ឋាន។ សហគមន៍ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធាន
ធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។
5. កាលពីឆ្នាំ២០២០ កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាន
ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើដំណើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិចំនួន 643.000 នាក់។ ថវិកាយ៉ាងហោចណាស់ជាង ៣០ លានដុល្លារអាមេរិកត្រូវបានចាក់ចូល
ក្នុងសេដ្ឋកិច្ចមូលដ្ឋានកាលពីឆ្នាំ២០២០ តាមរយៈទេសចរណ៍ធម្មជាតិ។ តាមរបាយការណ៍ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ ម៉ឺនដុល្លារអាមេរិក
ក្នុងមួយសហគមន៍ក្នុងឆ្នាំ។ ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។
6. ការជំរុញទេសចរណ៍ធម្មជាតិគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងការកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងរបងការពារធនធានធម្មជាតិ ផ្តល់ ជម្រើសថ្មី និងមុខរបរថ្មី បង្កើនប្រាក់ចំណូលជូនពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ពលរដ្ឋមួយ ចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោលគឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វរបស់ពលរដ្ឋមួយចំនួន។ នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារនិងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់
នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ។
7. បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃ ព្រឹក្សា។ ពីមុនពេលដែលគេនិយាយពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោសន្តិភាព ចូលព្រៃគឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ ធម្មជាតិ។ ពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានាដូចជាខ្នងផ្សារ ភ្នំត្បែងជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការ
ផ្តល់សេវាជួយយូរអីវ៉ាន់ ភ្ញៀវទេសចរឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួល ចំណូលរបស់ពលរដ្ឋពីទេសចរណ៍ធម្មជាតិ៕
ប្រភព: នេត្រ ភក្ត្រា