មេបញ្ជាការកងទ័ពជើងអាកាសកូរ៉េខាងត្បូង លោក Lee Seong-yong បានដាក់លិខិតសំុលាលែងចេញពីតំណែងនៅថ្ងៃទី៤ខែមិថុនា ដើម្បីជាការទទួលខុសត្រូវចំពោះ ករណីទាហានស្រីម្នាក់បានធ្វើអត្តឃាតដោយសារតែការបៀតបៀនផ្លូវភេទ។
លោក Lee Seong-yong បានបញ្ជាក់ថា «ខ្ញុំសូមទទួលខុសត្រូវហើយសូមលាលែងចេញពីតំណែង»។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតី មេទ័ព Lee Seong-yong បានសរសេរថា «ខ្ញុំសូមទោសដែលធ្វើឲ្យមនុស្សគ្រប់គ្នាខកចិត្ត ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ»។
ប្រធានាធិបតីកូរ៉េខាងត្បូង បានយល់ព្រមទៅលើលិខិតសំុលាលែងចេញពីតំណែង របស់លោក Lee Seong Yong ហើយស្នើឲ្យបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់បំផុត ហើយដាក់ទោសអ្នកដែលជាប់ពាក់ព័ន្ធ។ ប្រធានាធិបតីបញ្ជាក់ថា «លោកឈឺចាប់យ៉ាងខ្លាំងពេលនឹកឃើញដល់ការឈឺចាប់របស់ជនរងគ្រោះរហូតដល់ធ្វើអត្តឃាត»។
ស្ត្រីជាទាហានអាកាសកូរ៉េខាងត្បូង កាលពីខែមីនា បានដាក់លិខិតរៀបរាប់ស្តីអំពីសកម្មភាពបៀតបៀនផ្លូវភេទ បង្កឡើងដោយមន្ត្រីយោធាត្រកូល Jang ។ ប៉ុន្តែ មិនមានការដោះស្រាយវិវាទនោះឡើយ ហើយមន្ត្រីទាហានអាកាសបានស្នើឲ្យនាង និងជនដៃដល់ ដោះស្រាយគ្នាបញ្ចប់រឿងរ៉ាវ។ ចំណែកក្រុមអ្នកស្រាវជ្រាវក៏មិនបានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងករណីនោះដែរ៕
រូបភាព៖ Yonhap